ការពិតក្រៅពីអាជីពជាតារាសម្តែង លោក ទេព រិនដារ៉ូ ជាអ្នកបើកបរយន្តហោះ

1016

ភ្នំពេញ៖តារាសម្តែងជើងចាស់មួយរូបនៅកម្ពុជា ដែលបាននឹងកំពុងពេញនិយមគ្រប់ស្រទាប់វណ្ណៈ មិនថាចាស់ ឬក្មេង ទីជនបទ ឬក្រុងរាជធានី រហូតដល់អាណាព្យាបាលមួយចំនួនឧទេសនាមកូនថា “សង្ហាដូច ទេព រិនដារ៉ូ”។

កំពូលតារាសម្តែងលោក ទេព រិនដារ៉ា ជាអ្នកខេត្តបាត់ដំបង ដែលមានឪពុកអតីតគ្រូបង្រៀនស្លាប់ក្នុងរបបខ្មែរក្រហម ម្តាយជាពេទ្យធ្មប។

តារាសម្តែង ទេព រិនដារ៉ា នៅសម័យរដ្ឋកម្ពុជា ជាប់អាហារូបករណ៍ទៅសិក្សាវិស្វករសំណង់ និងបើកយន្តហោះនៅប្រទេសរុស្ស៊ីរយៈពេល ៣ឆ្នាំ។ នៅឆ្នាំ១៩៨៤ លោកបានបម្រើការងារនៅក្នុងកងទ័ពអាកាសខ្មែរ ជាអ្នកបើកយន្តហោះMIG-21។

គេនៅចាំបានថា តារាសម្តែងជើងចាស់រូបនេះ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីទសវត្សទី ៨០មកម្ល៉េះ។ ហើយវិស័យសិល្បៈចាប់ផ្តើមលូតលាស់ និងទទួលស្គាល់ពីមហាជនឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាបានធ្លាក់ចុះក្នុងភក់ជ្រាំក្នុងអំឡុងរបបខ្មែរក្រហម ខណៈវិស័យនានាពិសេសសិល្បៈនៅកម្ពុជាត្រូវបានបំផ្លាញស្ទើរទាំងស្រង់ និងបាត់ឈ្មោះទាំងក្នុងស្រុក និងអន្តរជាតិ។

វិស័យសិល្បៈខ្មែរចាប់ផ្តើមលូតលាស់ និងទទួលស្គាល់ឡើងវិញបន្ទាប់ពីកំពូលតារាសម្តែងជើងចាស់រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈ។ ខ្សែភាពយន្តដំបូងបង្អស់ដែលលោក ទេព រិនដារ៉ូ សម្តែងគឺរឿង«ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៍ស្វាយ»។

គួររម្លឹកផងដែរថា កំពូលតារាសម្តែងលោក ទេព រិនដារ៉ូ បច្ចុប្បន្នកំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន ទាំងការសម្តែងជាភាពយន្ត ឬថតផ្សាយពាណិជ្ជកម្ម ពិសេសមហាជនទូទៅចង់ឃើញរូបលោក សម្តែងជាមួយដៃគូរល្អឥតខ្ចោះរបស់លោក គឺអ្នកនាង អម្ពរ ទេវី ម្តងទៀត ក្រោយខកខានសម្តែងរួមគ្នាជាយូរហើយ៕

ដោយ៖ស្រ៊ីប ឡានី