គោលការណ៍ជោគជ័យទាំង៥ របស់ Jack Ma​ ម្ចាស់​ក្រុមហ៊ុន​ Alibaba

406

ចិន៖ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ប្រទេសចិន Alibaba និងជាមហាសេដ្ឋីដ៏ល្បីមួយរូបលោក Jack Ma បានហែលឆ្លងឧបសគ្គ និងបរាជ័យជាច្រើនទម្រាំតែទទួលបានជោគជ័យតាមការរំពឹងទុក។

Jack Ma ក៏ជាមនុស្សគំរូម្នាក់ ដែលបង្ហាញពីឆន្ទៈក្នុងការប្រែក្លាយក្តីស្រមៃឱ្យក្លាយទៅជាការពិតជាមួយនិងការតស៊ូឥតឈប់ឈរ។

ខាងក្រោមនេះ គឺជាគោលការណ៍ទាំង៥ ដែលបាននាំលោក​ Jack Ma ឈានមកដល់ជោគជ័យបែបនេះ​ ៖

១.ធ្វើជាមនុស្សដែលស្រលាញ់ការសិក្សា

Jack Ma គឺជាមនុស្សម្នាក់ដែលស្រលាញ់ការរៀនសូត្រ។ គាត់ចង់ចេះភាសាអង់គ្លេសតាំងពីគាត់នៅក្មេងមកម៉្លេះ រហូតធ្វើឱ្យគាត់ត្រូវដើរស្ទើរគ្រប់ទីកន្លែងដើម្បីអនុវត្តនិយាយភាសាអង់គ្លេស។ Jack ធ្លាប់ធ្វើជាអ្នកបកប្រែសម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាតំបន់ប្រវតិ្តសាស្រ្តរបស់ប្រទេសចិនដោយមិនយកប្រាក់កម្រៃ ដើម្បីបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់លោក។ នេះបញ្ជាក់ថា គាត់ជាមនុស្សដែលមានគោលដៅ និងហេតុផលច្បាស់លាស់ចំពោះការរៀនសូត្រ និងចង់បានអ្វីមួយពិតប្រាកដ។ ការរៀនគឺគ្មានទីបញ្ចប់ តែអ្នកសិក្សាទាំងឡាយ គួរតែមានភាពប្រាដកប្រជាចំពោះគោលដៅក្នុងការសិក្សារបស់ខ្លួន បើមិនដូច្នេះទេ អ្នកនឹងមិនដឹងថាត្រូវរៀនវាយកទៅធ្វើអ្វីឡើយ។

២.កុំខ្លាចបរាជ័យ

គោលបំណងដំបូងដែលលោក Jack Ma ខំប្រឹងប្រែងរៀនភាសាអង់គ្លេស គឺលោកចង់ក្លាយខ្លួនគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្តែគាត់បានធ្លាក់ការប្រឡងចេញជាគ្រូបង្រៀនរហូតដល់ទៅបីដង ហើយធ្លាប់ទទួលបរាជ័យជាច្រើនលើកនៅពេលដែលគាត់ដើរដាក់ពាក្យស្វែងរកការងារធ្វើ។ ប៉ុន្តែ ចុងក្រោយបន្ទាប់ពីបញ្ចប់ការសិក្សា លោក Ma ក៏បានក្លាយជាគ្រូបង្រៀនដូចក្តីប្រាថ្នាដោយការព្យាយាមរបស់លោក។

៣.ហ៊ានប្រថុយ

លោក Ma មានគំនិតបង្កើត ក្រុមហ៊ុន Alibaba នៅពេលដែលប្រព័ន្ធអ៊ីនធឺណេតមិនទាន់មានការប្រើប្រាស់ពេញនិយមនៅឡើយ។ គាត់បានប្រថុយនឹងហានិភ័យបង្កើតក្រុមហ៊ុននេះឡើង ហើយត្រូវទ្រាំរហូតដល់បីឆ្នាំ ទើបក្រុមហ៊ុនរបស់គាត់អាចរកចំណូលបាន។ ជាការពិតណាស់ ការប្រឈមមុខនឹងហានិភ័យគឺជារឿងដែលមនុស្សភាគច្រើនមិនចង់សាកល្បង ប៉ុន្តែអ្នកដែលក្លាហានធ្វើរឿងបែបនេះ គឺជាមនុស្សដែលមានគម្រោងការ ទិសដៅច្បាស់លាស់ និងទស្សនវិជ្ជមានចំពោះជោគជ័យដែលអាចទៅរួចនាពេលអនាគត។ ទោះជាយ៉ាងណា អ្នកមិនគួរប្រថុយនឹងគ្រោះថ្នាក់ ដោយមិនអាចស្មានដឹងថាលទ្ធផលនឹងទៅជាបែបណានោះទេ។

៤.ស្វែងរកដំណោះស្រាយ

នៅពេលជួបបញ្ហា វិធីដ៏ល្អបំផុត គឺត្រូវប្រឈមមុខនិងរកដំណោះស្រាយចំពោះវា។ នៅពេលដែលលោក Jack Ma បានបង្កើតក្រុមហ៊ុនលក់ទំនិញតាមអនឡាញនេះដំបូង គាត់បានប្រទះនិងឧបសគ្គមួយ គឺរបៀបទូទាត់ប្រាក់ដែលលឿនបំផុត។ គាត់បានទៅទំនាក់ទំនងជាមួយធនាគារជាច្រើនដើម្បីបង្កើតរបៀបផ្ទេរប្រាក់នេះ តែគ្មានធនាគារណាហ៊ានសហការនឹងគាត់ទេ។ ក្រោយមក Jack ក៏បានសម្រេចចិត្តបង្កើតប្រព័ន្ធទូទាត់ប្រាក់មួយដោយខ្លួនឯង ហៅថា AliPay ដែលមកទល់និងបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ជាង៨០០លាននាក់។

៥.ចេះចាប់ឱកាស

ឱកាស គឺមិនអាចមើលឃើញដោយភ្នែកទទេបានទេ។ វាត្រូវការប្រាជ្ញា និងការគិតបានស៊ីជម្រៅ និងចេះសម្លឹងមើលអ្វីដែលអាចនឹងកើតមាននៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង Jack Ma បានមើលឃើញការអភិវឌ្ឍន៍របស់បច្ចេកវិទ្យា និងប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងមើលឃើញឱកាសរីកចម្រើនក្នុងវិស័យជំនួញតាមអនឡាញ ទើបធ្វើឱ្យលោកហ៊ានសាកល្បងប្រថុយនិងហានិភ័យ ដើម្បីចាប់យកឱកាសនោះ។

ការប្រកាន់ភ្ជាប់វិន័យ និងគោលការណ៍ច្បាស់លាស់ តែងតែនាំមកនូវជោគជ័យដល់មនុស្សគ្រប់រូប មិនប្រកាន់ថាគេនោះស្ថិតក្នុងស្ថានភាពបែបណា ឬ នៅក្នុងវណ្ណៈបែបណាក៏ដោយ។ អ្នកមិនអាចគេចរួចពីការរំពឹងទុកចំពោះអ្វីដែលនឹងអាចកើតមានឡើងនៅពេលអនាគត និងប្រងើយកន្តើយចំពោះសកម្មភាពក្នុងពេលបច្ចុប្បន្នបានឡើយ៕