ពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាកន្លងហួសទៅលឿនខ្លាំងណាស់ ហើយក៏មិនដែលចាំនរណាម្នាក់ដែរ បើយើងមិនចេះប្រើប្រាស់ពេលវេលាឲ្យសមតម្លៃទេ នោះយើងនឹងស្តាយក្រោយជាក់ជាមិនខាន។ ប្រាកដណាស់ថា ប្រសិនបើយើងចង់ទទួលជោគជ័យ ឬ ធ្វើអ្វីមួយបានសម្រេចតាមក្តីប្រាថ្នា តម្រូវឲ្យយើង ត្រូវជម្នះរឿងមួយចំនួនឲ្យបានមានជាអាទិ៍ ៖
១.ការខ្ជិលច្រអូស
ភាពខ្ជិលច្រអូសនេះ បានបំផ្លាញអ្នកយ៉ាងច្រើន ធ្វើឲ្យអ្នកបាត់បង់សក្តានុពលការងារ ពេលវេលា និងអនាគតរបស់អ្នក។ ដូចនេះត្រូវរកឲ្យឃើញនូវកម្លាំងជំរុញចិត្តអ្នកហូតយកសសៃខ្ចិលចេញពីខ្លួនម្តងមួយៗរហូតអស់ពីខ្លួន ធ្វើជាមនុស្សសកម្ម អ្នកអាចហត់នឿយ ប៉ុន្តែអ្នកនឹងពេញចិត្តនឹងខ្លួនឯង នៅពេលអ្នកសម្រេចបានសមិទ្ធផល។
២.ការភ័យខ្លាច
នៅពេលដែលយើងចាប់ផ្តើមធ្វើអ្វីម្យ៉ាង អ្វីដែលតោងនឹងសតិរបស់អ្នក នោះគឺភាពភ័យខ្លាច។ អ្នកបានកំណត់សមត្ថភាពដោយពាក្យថាមិនអាចទៅរួចទេ។ អ្នកចង់បើកហាងទំនិញ ប៉ុន្តែខ្លាចថាមិនចំណេញ អ្នកចង់ប្តូរការងារថ្មីដែលអ្នកស្រលាញ់ ក៏ភ័យថាការងារថ្មីនឹងមិនសូវមានចំណូលច្រើន ។ល។ ភាពភ័យខ្លាចទាំងនេះកើតឡើងដោយសារ ការដែលយើងមិនចង់ខកបំណង ឬ ខូចចិត្តនៅពេលដែលមានរឿងមិនល្អកើតឡើង។ នេះជាមូលហេតុដែលធ្វើឲ្យយើងបាត់បង់ឱកាសផ្សេងៗ។ ប្រសិនជាយើងចង់ធ្វើអ្វីមួយ គួរតែគិតឲ្យបានច្បាស់លាស់ តែបើគិតពេករហូតខ្លាចក៏មិនមែនជារឿងល្អប៉ុន្មានដែរ។
3.ពាក្យរង់ចាំ
អ្នកចង់ធ្វើរឿងណាមួយ ប៉ុន្តែដល់ពេលធ្វើ អ្នកថាចាំតិចទៀត ល្ងាចឬចាំស្អែក ចាំរហូតដល់ខកខានខូចការ។ ឈប់ធ្វើជាមនុស្សរង់ចាំ ឆាប់បំពេញការងារដែលបានកំណត់ នោះអ្នកនឹងកាន់តែជឿជាក់លើខ្លួនឯង បំពេញការងារកាន់តែបានច្រើនជាងមុន។
4.ភាពអស់សង្ឃឹម
ជោគជ័យមិនមែនកើតឡើងក្នុងពេលមួយប៉ប្រិចភ្នែកនោះទេ ជាច្រើនលើក តាមដងផ្លូវដែលយើងជ្រើសរើសដើរនោះគឺតែងតែមានការខកបំណង ត្រូវគេបដិសេធ គេសើចចំអក គ្មានអ្នកគាំទ្រ ឬពេលខ្លះ ត្រូវចាំឱកាសដែលពេលខ្លះវាយូរពេករហូតដល់មានអារម្មណ៍ថាអស់សង្ឃឹម បាត់បង់កម្លាំងចិត្ត ឬគិតថាគ្មានថ្ងៃនឹងទទួលជោគជ័យ។ អ្នកខ្លះមានអារម្មណ៍ថាការសម្រេចចិត្តកន្លងមកគឺខុស ហើយចង់ឈប់ធ្វើភ្លាមៗ។
ជារួមក្តីសង្ឃឹម ត្រូវមកជាគូជាមួយការព្យាយាម និងការអនុវត្តន៍ សូម្បីតែអ្នកពូកែៗក៏មានពេលដែលត្រូវជួបជាមួយភាពលំបាកដូចគ្នា តែអ្វីដែលធ្វើឲ្យយើង អាចឆ្លងកាត់វាបាន គឺក្តីសង្ឃឹម កម្លាំងចិត្ត ដែលមិនព្រមចុះចាញ់ ក៏ដូចជាភាពជឿជាក់ថាភាពជោគជ័យ កំពុងរង់ចាំយើងនៅផ្លូវខាងមុខ៕



