មាស សុខសោភា ជូនពរ ឱក សុគន្ធកញ្ញា នៅថ្ងៃមង្គលការ និងរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់រវាង សុគន្ធកញ្ញា

653

ភ្នំពេញ៖ថ្ងៃមង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គេសង្កេតមើលឃើញថា តារាជាសិល្បៈប្រុស ស្រីជាច្រើនចូលរួមមង្គលការនេះ ដើម្បីជួនពរសិរីសួស្តី តែមិនឃើញមានវត្តមានកំពូលតារាចម្រៀង មាស សុខសោភា នៅក្នុងរោងការនោះទេ។

ទោះបី មាស សុខសោភាមិនបានជូនពរដោយផ្ទាល់ តែតារាចម្រៀងរូបនេះបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនយ៉ាងដូច្នេះថា«ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ ដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ហើយវាលើសពីសោកស្តាយ ប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់ ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រីក្នុងថ្ងៃមង្គលដែលមានតែម្តងក្នុងជីវិត។»

តារាចម្រៀងរូបនេះបន្តទៀតថា បើសិនជាមានវេទមន្ត នាងខ្ញុំនឹងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ។ កញ្ញា គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ ថែមទាំងជាប្អូនស្រីដ៏ល្អម្នាក់របស់ខ្ញុំ។

មាស សុខសោភា ក៏បានរៀបរាប់ពីទំនាក់ទំនង អនុស្សាវរីយ៍របស់ខ្លួន ជាមួយសុគន្ធកញ្ញាថា«អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ អំពីមេរៀនជីវិតជាតារាចម្រៀងនាពេលរាត្រី អំឡុងពេលដែលនាងខ្ញុំមកដល់ភ្នំពេញជាលើកដំបូង។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឲ្យយល់ និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ និងការកម្សាន្តជាមួយក្រុមការងារ»។

មាស សុខសោភា ក៏បានរំលឹកពីពេលវេលាលំបាកយ៉ាងដូច្នេះថា អនុស្សាវរីយ៍ដ៏ជូចត់មិនអាចបំភ្លេចបាននោះគឺ ពេលវេលាដែលកញ្ញា ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារ នៅពេលដែលយើងចេញពីច្រៀងរួមគ្នា។

ពាក្យចុងក្រោយរបស់កំពូលតារាចម្រៀងសម្លេងផ្អែម មាស សុខសោភា នូវក្តីរំភើប ត្រេកអរជាខ្លាំង ដែលកញ្ញារកឃើញដៃគូជីវិត ជាមួយពាក្យជូនពរពីចម្ងាយដល់ប្អូនស្រីកញ្ញា និងស្វាមីក្នុងថ្ងៃជ័យមង្គលទទួលបាននៅសុខសុភមង្គល និងស្រលាញគ្នាជារៀងរហូត៕

ដោយ៖ស្រុីប ឡានី