កូនខ្មែរគ្រប់រូបត្រូវដឹង ! អាថ៌កំបាំងវត្តឧណ្ណាលោម នៃរាជធានីភ្នំពេញ

1255

ភ្នំពេញ៖វត្តឧណ្ណាលោម ជាវត្តមួយក្នុងចំណោមវត្តផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទចៅ ពញ្ញាយ៉ាត ក្នុងឆ្នាំ១៤៣៧។ វត្តឧណ្ណាលោមតែមួយគត់ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ។

បើយោងតាមការសិក្សាស្រាវជ្រាវ ប្រាសាទវត្តឧណ្ណាលោមត្រូវបានកសាងឡើងចន្លោះសតវត្សរ៍ទី១១ ពោលគឺមុនការបង្កើតទីក្រុងភ្នំពេញ។ ហើយប្រាសាទនេះបានក្លាយជាចេតិយនៅសម័យក្រោយអង្គរ សម្រាប់គោរពបូជា ក្នុងព្រះពុទ្ធសាសនា។ ចេតិយនេះបានផ្តល់ឈ្មោះឲ្យវត្តឧណ្ណាលោម ដែលកាលដើមឡើយគេហៅថា “ប្រាសាទពោធិលោម”។

លុះក្រោយមកប្រជាជនមានជំជឿថា ចេតិយនេះជាទីបញ្ចុះនូវឧណ្ណាលោម (រោមចិញ្ចើម) របស់ព្រះអស្សជិត្ថេរ ទើបគេហៅចេតិយនោះថា “ឧណ្ណាលោម”។ ប្រាសាទនេះ ជាប្រាសាទទោលដែលសង់អំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញដោយថ្មបាយក្រៀម។ បើយើងមើលពីក្រៅវាជាចេតិយមួយដែលមើលទៅហាក់ដូចសង់ថ្មីៗ តែបើយើងមើលខាងក្នុងវាជាប្រាសាទចំណាស់មួយដែលមានជញ្ជាំងតម្រៀបគ្នាដោយថ្មភក់ធំៗ ហើយក្រាស។

អ្វីដែលគួរឲ្យស្តាយនោះគឺយើងមិនអាចមើលឃើញពីចម្លាក់ផ្តែរ និងសិលាចារឹកមួយ ដែលនៅសល់តែបំណែកថ្មបាក់បែករប៉ាត់រប៉ាយប៉ុណ្ណោះ។ នៅខាងក្នុងប្រាសាទមានធ្នឹមឈើបណ្តោយថ្ងៃធំមួយ ដែលមានលោកតាម្នាក់នៅរក្សាជាប្រចាំ។

បើយោងតាមឯកសារព្រះរាជពង្សាវតាខ្មែរដ៏ចំណាស់របស់ខ្មែរបានឲ្យដឹងថា ក្នុងរាជព្រះច័ន្ទរាជា កាលស្តេចកន គ្រប់គ្រងប្រទេសម្ខាងនោះ ចៅពញ្ញាសង្គ្រាម សុក មន្រ្តីខាងព្រះច័ន្ទរាជា បាននាំពល ៥០០នាក់ រុករកគ្រឿងបញ្ចក្សត្រនោះបានទៅឃើញប្រាសាទថ្មមួយ ដែលមានចារឹកអក្សរថា ព្រះចេតិយ ព្រះឧណ្ណាលោម នៅក្នុងពុទ្ធសករាជ ២០៨៣ ត្រូវនឹងឆ្នាំ១៥៣៩ ។

លុះចៅសង្គ្រាម សុក នាំដំណឹងនេះថ្វាយព្រះច័ន្ទរាជា ទ្រង់ក៏ចាត់តែងប្រាសាទនោះតាំងជាអារាម និងរៀបចំបញ្ចុះសីមា មានចៅអធិការគ្រប់គ្រងរៀងមក។ លុះ១៤៥ ឆ្នាំក្រោយមក ក្នុងរាជព្រះជ័យចេស្តា គេហៅវត្តនោះថា វត្តព្រះស្រកាលេញ ទៅវិញ ក្នុងពុទ្ធសករាជ ២២២៨ ត្រូវនឹងឆ្នាំ១៦៨៤។

ដូច្នោះយើងអាចសន្និដ្ឋានបានថា ប្រាសាទថ្មនេះបានក្លាយជាវត្តអារាមតាំងពី ៤៧២ ឆ្នាំមុន។ ប្រាសាទនេះមានរាង ៤ជ្រុងស្មើ មានប្រវែងប្រហែល ៥.៥ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ។ ប្រាសាទនេះសង់សម្រាប់ឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា តែក្រោយមកបានក្លាយមកជាព្រះពុទ្ធសាសនាក្នុងរូបភាពជាចេតិយទៅវិញ ដោយមានតម្កល់ព្រះពុទ្ធរូប ដែលយើងសង្កេតពីទម្រង់សិល្បៈដូចគ្នាទៅនឹងព្រះពុទ្ធរូបថ្មទាំងឡាយក្នុងសម័យក្រោយអង្គរ។ ដោយ៖ស្រ៊ីប ឡានី