ប្រាសាទភូមិប្រាសាទ ជាប្រាសាទចំណាស់ជាងគេនៅលើទឹកដី នៃខេត្តកំពង់ធំ !

1431

កំពង់ធំ៖ប្រាសាទភូមិប្រាសាទ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចម្ងាយប្រមាណជា ៦៣គីឡូម៉ែត្រពីស្គន់ យើងនឹងឃើញក្លោងទ្វារមួយចូល ស្ថិតនៅខាងឆ្វេងដៃ មានតោពីរឈរយាមអមសងខាងផ្លូវចូល ហើយនៅខាងលើមានឈ្មោះថា “វត្តប្រាសាទ”។

ផ្លូវចូលទៅប្រាសាទភូមិប្រាសាទ មានចម្ងាយប្រមាណជា ៤៥០ម៉ែត្រ ដែលមានទីតាំងខាងក្រោយព្រះវិហារ ហើយប្រាសាទនេះមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំងទៅហើយ។ ប្រាសាទនេះ សាងសង់ឡើងអំពីថ្មឥដ្ឋ នៅក្នុងសតវត្សរ៍ទី៨ ក្នុងឆ្នាំ៧០៦។

ប្រាសាទភូមិប្រាសាទ កសាងតាមបែបស្ថាបត្យកម្មយ៉ាងល្អប្រណិតនៅលើផ្តែរធ្វើអំពីថ្មភក់ មានរាងដងធ្នូដូចប្រាសាទសំបូរព្រៃគុកដែរ មានរាងកម្រងផ្កា និងផ្ការំយោលធ្លាក់ចុះក្រោមក្លាយជាកម្រងស្លឹងឈើមានរាងជាទំពក់នៅលើផ្ទៃខាងក្រោមក្បាច់ជួង។

ដោយឡែកសសរស្តម្ភនៅរក្សារាងមូលដដែល លម្អដោយត្របកផ្កា និងសន្លឹងឈើ ដែលជាលក្ខណៈផ្ទាល់ នៃរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានកម្ពស់ ១២ម៉ែត្រ ដែលនៅក្នុងប្រាង្គកណ្តាលកាលពីមុនមានដំកល់រូប ហរិហរៈ ក្នុងសម័យមុនអង្គរហើយដែលគេយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

លោក ប៉ាក ហង់រីម័ងុទីយេរ ដែលជាអ្នកសិក្សាមុនគេបង្អស់ នៃប្រាសាទភូមិប្រាសាទ បានឲ្យដឹងថា នៅផ្នែកខាងលើកំពូលប្រាសាទ គេឃើញមានថ្មធំមួយផ្ទាំងមានរាងបួនជ្រុងស្មើ បន្តុបពីលើ។ ហើយលោកបានបញ្ជាក់ផងដែរថា ថ្មទម្រនេះ គឺជាធាតុតុបតែងរបស់កំពូលប្រាសាទ ដែលអាចនឹងផ្ទុកនូវព្រះសិវលិង្គមួយនៅចន្លោះកណ្តាល ថែមទៀតផង។

ប្រាសាទភូមិប្រាសាទ គឺជាប្រាសាទឥដ្ឋ នាសម័យចេនឡា រចនាប័ទ្មកំពង់ព្រះ ត្រូវសាងសង់ឡើងនៅឆ្នាំ៧០៦ នៃគ.ស ហើយស្ថិតក្នុងភូមិប្រាសាទរវាងស្ពានកំពង់ថ្ម និងភ្នំសន្ទុកក្នុងខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត នៅដើមសតវត្សរ៍ទី២០ បើយោងតាមរបាយការណ៍នានាថា ប្រាសាទនេះនៅរក្សាបាននូវទ្រង់ទ្រាយល្អនៅឡើយ ហើយទើបតែថ្មីៗនេះ ជ្រុងខាងត្បូងត្រូវបានរលំបាក់ធ្លាក់ចុះមកដី។

សូមជម្រាបថា ទម្រថ្មបួនជ្រុងខាងលើក៏ត្រូវបានបាត់បង់ទៅហើយ មុនឆ្នាំ១៩៧០មកម្ល៉េះ ដោយបន្សល់ទុកតែរូបភាពឯកសាររក្សាទុកនៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេស នៅទីក្រុង ប៉ារីសតែប៉ុណ្ណោះ៕ ដោយ៖ស្រ៊ីប ឡានី