អាថិ៍កំបាំង ប្រាសាទបុរាណខ្មែរស្ថិតនៅកណ្តាលព្រៃស្រោង ដែលយើងគួរស្វែងយល់ !

630

សៀមរាប៖ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ ចន្លោះឆ្នាំ ៩១០-៩៤៤ និងបានបញ្ចប់ការសាងសង់ដោយព្រះបាទរាជេន្រ្ទវរ្ម័ន ចន្លោះឆ្នាំ៩៤៤-៩៦៨។ ប្រាសាទនេះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។

ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែលជា ១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។

ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ថ្នាក់ សង់ពីថ្មបាយក្រៀមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសម្រាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្លលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក។

តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិកអ្វីឡើយ លុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ន ដែលមានមរណនាមថា សិវលោក បាននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើមេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថា ខែ្មរមានតំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលបង្កើតដោយឯកឯង ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមកប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។

សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។ នៅចម្ងាយប្រមាណជា ១៥០ម៉ែត្រពីជណ្តើរបុរាណភ្នំបាខែង នៅខាងឆ្វេងផ្លូវគេប្រទះឃើញប្រាសាទនេះលេចនៅក្នុងកណ្តាលព្រៃមានថ្នាក់កាំជណ្តើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហម។
ដោយឡែកតួប្រាសាទវិញ ប្រើឥដ្ឋដោយមិនប្រើប្រាស់កំបោរបាយអរ ដើម្បីភ្ជាប់ឥដ្ឋនោះទេ គេដាក់បន្តុបពីលើផ្ទៃគ្រឹះឱ្យឃើញគែមបន្តិចៗតួប្រាង្គនេះមួយជ្រុងប្រវែង ៨ម៉ែត្រសង់ទៅទិសខាងកើត ហើយមានទ្វារបញ្ឆោតចំនួន៣ ដែលមានសសរនិងផ្តែរសង់អំពីថ្មភក់ដែលមានឆ្លាក់ក្បាច់ផ្កាយ៉ាងល្អ។ពិសេសក្បាច់ដែលនៅខាងលើផ្តែរទិសខាងកើតមានឆ្លាក់រូបគណេស្វរៈមានប្រមោយវែងដូចរូបដែលគេឃើញនៅប្រាសាទមេបុណ្យខាងកើត។

បើយោងតាមឯកសារ សៀវភៅ កំណើតអង្គរ ឆ្នាំ១៩៦៩ ដោយម៉ារ បូទំព័រទី៦៨ ថា នៅកណ្តាលប្រាង្គមានគេចាក់ដីកម្រាស់មួយម៉ែត្រហើយមានព្រះពុទ្ឋរូបចូលបរិនិព្វាន រូបព្រះពុទ្ឋនេះត្រូវបានគេកសាងនៅសម័យក្រោយទេ។

សូមជម្រាបថា សិលាចារឹកនៅប្រាសាទបក្សីចាំក្រុង បានសរសើរពីព្រះបាទហស៏វរ្ម័នទី១ ពូកែក្នុងការប្រយុទ្ធ ដោយដាវ ពោរពេញដោយជ័យជំនៈ តឹងរឹងក្នុងការតាំងសមាធិ យកចិត្តទុកដាក់ក្នុងការយកអាសាអ្នកដទៃ ត្រឹមត្រូវក្នុងវិរភាព។ នេះបើយោងតាមឯកសារ សៀវភៅប្រវត្តិសាស្រ្តអង្គរ រៀបរៀងដោយ ម៉ុញ សារី ឆ្នាំ២០០១ ទំព័រទី១៩៕ ដោយ៖ស្រ៊ីប ឡានី