ហេតុអ្វីបានជាប្រជាជននាំគ្នាហៅថា ប្រាសាទនាងខ្មៅ?

810

តាកែវ៖ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណខ្មែរមួយដែលត្រូវបានសាងសង់ឡើងតាមរចនាបថកោះកែ សង់អំពីថ្មភក់ និងដីឥដ្ឋ ជាស្នាព្រះហត្ថព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងសតវត្សរ៍ទី១០ នៃគ្រឹស្តសករាជ ៩២១សល់៩៤១ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញសាសនា។

ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តរាកែវ មានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទៅខេត្តតាកែវ។ ប្រាសាទនេះ គឺជាបូជនីយដ្ឋានដ៏ស័ក្តសិទ្ធមួយ ដែលត្រូវបានប្រជាជន អ្នកស្រុកគោរពបូជារហូតមកដល់បច្ចុប្បន្ននេះ។

បើតាមការស្រាវជ្រាវពីប្រាសាទខ្មែរដោយសាលាបារំាងចុងបូព៌ានាខែកញ្ញា ឆ្នំា១៩៤០បានឲ្យដឹងថា នៅជញ្ជាំងខាងក្នុងនៃប្រាសាទនេះមានលំអដោយគំនូរពណ៌ពាក់ព័ន្ធទៅនឹងទេវកថាវិទ្យានៃលទ្ធិព្រហ្មញ្ញសាសនា។ ជាពិសេសប្រាសាទខាងត្បូង ដែលមានបន្សល់គំនូរ រូបភាពត្រឹម៣ផ្ទាំងតែប៉ុណ្ណោះ។

ជាអកុសល ដោយមិនបានទទួលនូវការអភិរក្សសមស្របទាន់ពេលវេលា សព្វថ្ងៃមរតកវប្បធម៌ទាំងនោះក៏ត្រូវរលុបបាត់បង់អស់ជាបន្ដបន្ទាប់។ តាមរយៈរូបភាពទាំងនោះ យើងឃើញថា ប្រាសាទនាងខ្មៅត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់ព្រហ្មសាសនា វិស្ណុ និកាយ។ ម្លោះហើយ គំនូរទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ព្រះវិស្ណុទាំងអស់។

ប្រជាជនហៅប្រាសាទនេះថា ប្រាសាទនាងខ្មៅគឺហៅតាមអ្វីដែលពួកគាត់បានរកឃើញជាក់ស្តែងពិតៗ ពីព្រោះនៅទីនោះកាលពីមុនមានតម្កល់បដិមាភេទស្រីមួយរូប គ្មានព្រះកេស នៅក្នុងតួប៉មខាងជើង ហើយត្រូវបានគេយកទុកឯសារមន្ទីរជាតិភ្នំពេញ។ តួប៉មខាងស្តាំ ឈរពីមុខសព្វថ្ងៃ ជាតួប៉មខាងជើង ចំណែកតួប៉មខាងត្បូងខ្ពស់ជាង គឺជាប៉មកណ្តាល។ ឯតួប៉មបន្ទាប់បន្សំផ្សេងៗទៀតត្រូវខូចខាតទាំងអស់គ្មានសល់រូបរាងឡើយ។

ប្រាសាទនាងខ្មៅ មានរាងចតុកោណស្មើជ្រុង ដែលលម្អដោយផ្តែរធ្វើអំពីថ្មភក់រំលេចដោយក្បាច់រូបកាលាដៃកាន់អង្កត់ធ្នូខ្ចាក់កម្រងផ្កា ដែលមានរូបទេពនៅខាងក្រោមកាលា កាលាជាទេពតំណាងឱ្យពេលវេលានិងជាសត្វសម្រាប់ការពារប្រាសាទ កសាងដើម្បីឧទ្ទិសដល់អាទិទេព និងមានសត្វមករខ្ជាក់នាគ។ នេះបើយោងតាមសៀវភៅ មគ្គុទ្ទេសក៍ទេសចរ របស់លោក ស្រី សារឿន ឆ្នាំ២០០៤ ទំព័រទី១៨៨។

ឈ្មោះប្រាសាទនាងខ្មៅ យោងទៅតាមការហៅរបស់អ្នកស្រុកនៅក្នុងតំបន់នេះ ដោយសារនៅក្នុងតួប៉មប្រាសាទមានតម្កល់រូបបដិមាពីរអង្គ ដែលមានសម្បុលខ្មៅរលោង រូបបដិមាទាំងពីរនេះ បច្ចុប្បន្នតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ។ បដិមាមួយមានខ្លួនជាមនុស្សចំណែកឯក្បាលជារូបសេះ និងបដិមាមួយទៀតមានដងខ្លួនជាភេទស្រី តែត្រូវបាត់ព្រះកេសទៅហើយ។

តាមសិលាចារឹកប្រាសាទនាងខ្មៅលេខ K-៣៥ ចុះកាលបរិច្ឆេទប្រហែលសតវត្សរ៍ទី១០ ក្នុងខេត្តតាកែវនេះបានកត់ត្រាថា ព្រះបាទជ័យវរ្ម័នទី៤ឡើងសោយរាជ្យពេញលេញដោយអំណាចនៅឆ្នាំ៨៥០សករាជ ត្រូវនិងឆ្នាំ៩២៨គ្រិស្តសករាជ។ កាលបរិច្ឆេទជាសញ្ញាបញ្ជាក់ពីទីបញ្ចប់រាជ្យរបស់ព្រះបាទ ឦសានវរ្ម័នទី២ ចន្លោះឆ្នាំ៩២១-៩២៨ នៃគ្រិស្តសករាជ ហើយប្រហែលជាឆ្នាំ៩២៨នៃគ្រិស្តសករាជ គឺជាឆ្នាំចូលទីវង្គតរបស់ទ្រង់។

គួររម្លឹកថា សិលាចារឹកប្រាសាទនាខ្មៅត្រូវចារនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដែលនិយាយពីការធ្វើគ្រឿងតម្វាយដល់ព្រះឥសូររវាងឆ្នាំ ៩២៨ទៅ៩២៩ នៃគ្រិស្តសករាជ ដែលសិលាចារឹកនេះមានភាពល្អប្រសើរខ្លាំង បានបង្ហាញពីព័ត៌មានរបស់ព្រះបាទជ័យវរ្ម័នទី៤ ដែលមានវត្តមាននៅភូមិភាគខាងត្បូង៕ ដោយ៖ស្រ៊ីប ឡានី