ប្រាសាទនាគព័ន្ធ មានរូបចម្លាក់ទាំង៤ទិស តើទិសនីមួយៗតំណាងឲ្យអ្វីខ្លះ?

1113

សៀមរាប៖ប្រាសាទនាគព័ន្ធ ជាប្រាសាទបុរាណខ្មែរមួយដែលត្រូវបានសាងសង់ឡើងនៅលើកោះទំហំដី ៣៥០ម៉ែត្របួនជ្រុង មានស្រះសន្សំទឹកបរិសុទ្ធ៨ ជាសញ្ញាលេខបូក និមិត្តរូបនៃសញ្ញាមន្ទីរពេទ្យ។ ប្រាសាទនេះសាងសង់ឡើងនៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ កាលឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។

ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវ ស្ថាបត្យកម្មកម្ពុជានៅមុនឆ្នាំ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទនៅចន្លោះឆ្នាំ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តុំថ្មឡើងវិញដោយលោក ម៉ាឆែល ពីឆ្នាំ១៩២២-១៩២៤ និងលោក M.Glaize កាលឆ្នាំ១៩៣៨-១៩៣៩។

ប្រាសាទនាគព័ន្ធ មានរូបចម្លាក់ទាំង៤ទិស តំណាងឲ្យធាតុទាំង៤គឺ ធាតុដីតំណាងដោយ រូបចំលាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយ រូបចំលាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយ រូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។

ដោយឡែក រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណាមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤។

ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៃចុងសតវត្សទី១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនេះបង្ហាញថា នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត។

គួររំលឹកថា តាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលីឬសំស្រ្កឹតដែលមកពីពាក្យ “រាជ+ស្រី” មានន័យថាវត្ថុជាមង្គលរបស់ស្តេច ដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ នេះបើយោងតាម សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១២៕ ដោយ៖ស្រ៊ីប ឡានី