តើប្រាសាទភិមានអាកាសមានអ្វីជាពិសេស ដែលយើងជាកូនខ្មែរត្រូវស្វែងយល់?

630

សៀមរាម៖ប្រាសាទភិមាអាកាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ត្រូវបានកសាងប្រាសាទភិមានអាកាសសម្រាប់រាជរបស់ព្រះអង្គ។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសំរាប់គោរពបូជារបស់ទ្រង់។

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក។

ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះ នៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ។

តើប្រាសាទភិមានអាកាសមានអ្វីជាពិសេស? ប្រាសាទវិមានអាកាសតាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់៤ ម្រ៉ែត។ ជាន់ក្រោមបង្អស់មានទទឹង ២៨ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ម្រ៉ែត នៅជួរទិសខាងកើត-លិច។ ជើងគ្រឹះប្រាសាទទាំង៣ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបាន ដែលមានជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ទិស។

ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច។ ផ្នែកទាំង២ នៃជណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង រូបដំរីនៅមុំជើងគ្រឹះទាំង ៣ជាន់។ តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ម្រ៉ែត។

តាមអ្នកដំណើរចិនឈ្មោះជីវ តាក្វាន់បានឲ្យដឹងថានៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមកផ្ទុំជាមួយនឹងនាងនាគក្បាល៩ ដែលប្រែក្រឡាជាស្រីស្អាតរាល់យប់តាមពង្សាវតារបានតំណាលតៗគ្នា នៅក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុងព្រះនគរសម័យនោះ។

ដោយោឡែកស្រះទឹកហ្លួង មានសណ្ឋានរាង៤ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត។ គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម។ ដោយគេមានជំជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទភិមានអាកាសកុំអោយហូរចុះ មកស្រះ។

ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីព្រះលានស្តេចគម្លង់។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង មានទទឹង ២០ម៉្រែត បណ្តោយ ៤០ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ម្រ៉ែត។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុងបរិវេណនេះលើកដំបូង។

ហើយរបៀង និងស្រះទឹកខាងលិចនៃស្រះទឹកហ្លួង នៅខាងលិចគោបុរៈខាងជើង ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង។ របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។

សូមបញ្ជាក់ថា តាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា ហេមស្រឹង្គគិរី ជាភាសាបាលីឬសំស្រ្តឹតដែលមានន័យថា ភ្នំស្នែងមាស បានផ្តើមស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩-១១ ដោយក្រតាញស្រីសត្យាស្រ័យឆ្នាំ៩១០គ្រិស្តក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ចន្លោះឆ្នាំ៨៨៩-៩១០ តាមសិលាចារឹកលេខ K-២៩១។ បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ចន្លោះឆ្នាំ៩៤៤-៩៦៨ បន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥ ចន្លោះឆ្នាំ៩៦៨-១០០១ តាមសិលាចារឹកលេខ K-៥៣៤ និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ តាមសិលាចារឹកលេខK-២១១៕ ដោយ៖ស្រ៊ីប ឡានី