កំណើនសេដ្ឋកិច្ចចិន បានហក់ឡើងវិញមិនគួរឲ្យជឿ បើទោះស្ថិតក្រោមសម្ពាធពាណិជ្ជកម្ម អាមេរិក

331

ប៉េកាំង៖ការនាំចេញរបស់ចិន បានវិលត្រឡប់មករកកំណើនឡើងវិញហួសពីការរំពឹងទុក ដោយសារតំរូវការពិភពលោកមានភាពប្រសើរឡើង បើទោះបីជាមានការកើនឡើងសម្ពាធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែការស្ទុះងើបឡើងវិញអាចនឹងមានរយៈពេលខ្លីនៅពេលដែលទីក្រុងវ៉ាស៊ីនតោនត្រៀមកាត់ពន្ធបន្ថែមលើទំនិញចិន។

បើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៨ ខែសីហានេះបានឲ្យដឹងថា គយបានបង្ហាញទិន្នន័យនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញនៅក្នុងខែកក្កដា បានកើនឡើង ៣.៣ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាអត្រាកើនឡើងលឿនបំផុតចាប់តាំងពីខែមីនា ។ ប៉ុន្តែការនាំចូលនៅតែខ្សោយដោយធ្លាក់ចុះ ៥.៦ភាគរយ និងបង្ហាញពីតម្រូវការក្នុងស្រុកធ្លាក់ចុះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងព្យាយាមងើបឡើងវិញ។

សូមជម្រាបថា សង្គ្រាមពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន បាននឹងកំពុងមានការឡើងកំដៅ ខណៈអាមេរិកបន្ថែមពន្ធគយលើទំនិញចិន ហើយចិនបញ្ឈប់ការនាំចូលទំនិញកសិកម្មរបស់អាមេរិកវិញ។ ស្របពេលកំពុងមានការឡើងកម្តៅនេះ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះ នៅក្នុងខែកក្កដាដោយប្រឈមមុខនឹងពន្ធគយកាន់តែខ្លាំងក៏ពិតមែន ប៉ុន្តែចិនបានដឹកជញ្ជូនទំនិញទៅដល់អឺរ៉ុប កូរ៉េខាងត្បូង តៃវ៉ាន់ និងនៅក្នុង អាស៊ីអាគ្នេយ៍ (អាស៊ាន) ៕ដោយ ៖ លី ស៊ូម៉ា