ទឹកដីសុវណ្ណភូមិ! មកស្គាល់តំបន់សក្តានុពលទេសចរណ៍ធម្មជាតិ នៃខេត្តកោះកុង

625

កោះកុង៖កោះកុង ជាខេត្តមួយនៃកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និងព្រះសីហនុ ខាងត្បូងនឹងខាងលិចជាប់នឹងឈូងសមុទ្រថៃ។ ខេត្តកោះកុងទាំងមូលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃតំបន់បុរាណដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កម្សាន្តនាថ្ងៃឈប់សម្រាក និងស្រូបខ្យល់អាកាសបរិសុទ្ធ។

ខេត្តកោះកុង ជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ដូចជាតំបន់អារ៉ែង និងជីផាត ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណ។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង សំបូរព្រៃភ្នំ ទឹកជ្រោះ សត្វព្រៃ ត្រីនាគ ក្រពើភ្នំ រូងភ្នំបូរាណ និងរបាំប្រពៃណី។

ដោយឡែកតំបន់អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយពីទីរួមខេត្តកោះកុង ប្រមាណជា ៨០គីឡូម៉ែត្រ ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត ទឹកធ្លាក់ មើលសត្វព្រៃ ទេសភាពតាមស្ទឹង ពាងបូរាណ ថ្មចេតីយ៍ និងព្រៃភ្នំ។

ក្រៅពីតំបន់ទេសចរណ៍ដ៏ល្បីល្បាញទាំងនោះ ខេត្តកោះកុង ក៏មានតំបន់សក្តានុពលចំនួន ៣កន្លែងផ្សេងទៀតរួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាផងដែរ៕ ដោយ៖ស្រ៊ីប ឡានី