កូនខ្មែរគួរឈ្វេងយល់ ! អាថ៍កំបាំង នៃរមណីយដ្ឋាន ភ្នំប្រសិទ្ធិ ខេត្តកណ្តាល

1017

កណ្តាល៖ប្រាសាទភ្នំបាសិទ្ធ ឬ ភ្នំប្រសិទ្ធិ មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងមានចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូរហូតដល់ក្លោងទ្វារវត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ នោះយើងនឹងឃើញ។

ភ្នំប្រសិទ្ធិ មានរូបបដិមាជាច្រើន ក្នុងនោះគេឃើញមានរូបដិមាមួយអង្គ ធ្វើអំពីថ្ម ដាបថ្មភ្នំមានបណ្តោយប្រវែង ២៤ម៉ែត្រ ហើយព្រះភ័ក្ត្ររបស់ព្រះអង្គ ត្រូវបានបែកបាក់នៅសម័យខ្មែរក្រហម និងត្រូវបានធ្វើសាជាថ្មីវិញនៅឆ្នាំ ១៩៨៦។

ដោយឡែក ចំពោះស្ថាបត្យកម្មនៃប្រាសាទនេះវិញ មានតួប៉មប្រាសាទសង់អំពីឥដ្ឋតាន់ ដែលមានផ្តែរទ្វារធ្វើអំពីថ្មភក់ កសាងឡើងដោយព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ក្នុងរចនាបថសំបូរព្រៃគុក។ ហើយនៅគ្រប់ជ្រុងនៃប្រាសាទ មានលម្អ ដោយរូបចម្លាក់ប្រាសាទអណ្តែត ដែលនៅក្នុងប្រាសាទអណ្តែតនោះ មានរូបទេវៈបីអង្គ គឺព្រះសិវគង់នៅកណ្តាលស្រ្តីពីរនាក់គឺ នាងឧមា និងព្រះម៉ែគង្គា។

គួររម្លឹកថា បើតាមសិលាចារឹកលេខ K-៧១០ ប្រាសាទភ្នំបាសិទ្ធមានឈ្មោះដើមថា “សិទ្ធេស្វរៈ” ដែល មានន័យថា ទេពប្រកបដោយសេចក្តីសម្រេច គឺជាឈ្មោះរបស់ព្រះសិវៈ ស្ថាបនានៅសតវត្សរ៍ទី៧ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី១។ នេះបើ់តាមការបញ្ជាក់ដោយ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី៨ ៕