fbpx
V9 V9 V9 V9
ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង៖ ភាគីទីបី កុំជ្រៀតជ្រែកក្នុងបញ្ហាជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន

កាស្មៀរ៖ប្រធានាធិបតីបារាំង លោក ម៉ាក្រង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅ Chateau de Chantilly កាលពីថ្ងៃ ព្រហស្បតិ៍ថា“ យើងចង់គាំទ្រគោលនយោបាយមួយដែលធ្វើឱ្យស្ថានការណ៍មានស្ថេរភាព សន្តិភាពនិងរួចផុតពីអំពើភេរវកម្ម” ។
បើតាមសារព័ត៌មានរុស្ស៊ី RT ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា វិបត្តិនៅតំបន់កាស្មៀរគួរដោះស្រាយដោយទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន ដូច្នេះសូមភាគីទីបីកុំព្យាយាម ជ្រៀតជ្រែកញុះញង់ឱ្យស្ថានការណ៍កាន់តែតានតឹងជាងនេះ។ ឥណ្ឌា និងប៉ាគីស្ថាននឹងត្រូវ ស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ហើយគ្មានភាគីទីបីណាមួយគួរតែជ្រៀតជ្រែកឬញុះញង់ឱ្យមានអំពើហិង្សានៅក្នុងតំបន់ឡើយ។

ការថ្លែងសន្ទរកថារបស់លោក ម៉ាក្រង់ នាពេលនេះ បើទោះបីជាមិនបានបញ្ចេញឈ្មោះជនទី៣ដែលចង់ជ្រៀតជ្រែកជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានក៏ពិតមែន ប៉ុន្តែគេដឹងយ៉ាងច្បាស់គឺសហរដ្ឋអាមេរិក។ គេដឹងក៏ដោយសារតែកាលពីពេលថ្មីៗនេះ លោក អ៊ីមរ៉ន ខាន់ បានទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ហើយនៅក្នុងនោះលោកខាន់ក៏បានលើកយកបញ្ហាជម្លោះនៅតំបន់កាស្មៀរមកពិភាក្សា ជាមួយលោកត្រាំនៅសេតវិមានផងដែរ។កំឡុងពេលកិច្ចពិភាក្សានោះ លោកអ៊ីមរ៉ន ខាន់ បានស្នើសុំការសម្របសម្រួលពីសំណាក់រដ្ឋ បាលលោកត្រាំ ។

ដោយបានឆ្លើយតបចំពោះការស្នើសុំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រធានាធិបតី ដូណាល់ត្រាំ បានព្យាយាមម្តងហើយម្តងទៀត ដើម្បីដើរ តួជាអ្នកបង្កើតសន្តិភាពនៅក្នុងវិបត្តិកាស្មៀរ ប៉ុន្តែរដ្ឋាភិបាលរបស់លោកម៉ូឌី បានបដិសេធមិនទទួលយកការផ្តល់ជូននេះ ដោយទទូចថា សហរដ្ឋអាមេរិកមិនមានតួនាទីក្នុងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌាទេ។

គួរជម្រាបជូនដែរថា ស្ថានការណ៍នៅតំបន់កាស្មៀរភាពតានតឹងកំពុងឡើងកម្តៅយ៉ាងខ្លាំង រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន កាលពី អំឡុងពេលថ្មីៗនេះ រហូតមានការបាញ់ប្រហារគ្នាទៅវិញទៅមកជាច្រើនដងនៅតំបន់ព្រំដែនស ស្ថិតក្នុងទឹកដីកាស្មៀរ។ បន្ទាប់ពីមាន ការបាញ់ប្រហារគ្នានោះមក រដ្ឋាភិបាលប៉ាគីស្ថាន និង ឥណ្ឌាបន្ទោសគ្នាទៅវិញទៅមកលើការរំលោភបទឈប់បាញ់ ដែលបានព្រមព្រៀង ក្រោយស្ថានការណ៍តានតឹងកាលពីអំឡុងខែកុម្ភៈនិងខែមីនាកន្លងទៅ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top