fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

ប្រទះឃើញព្រះកេសលោកេស្វរៈ ដែលមានរចនាបថបែបបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧

សៀមរាប៖ព្រះកេសបដិមាព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈមួយ ដែលធ្វើពីថ្មភក់ មានរចនាបថបែបបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានប្រទះឃើញ ។

ការប្រទះឃើញនេះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ពេលក្រុមការងារកំពុងកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួសជុលប្រាសាទ ។

លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ចម្លាក់ព្រះកេសលោកេស្វរៈនេះ គឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម ។

លោក បន្ថែមថា សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយ ទើបធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់ ។ ម្យ៉ាងទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថា មានដងខ្លួននៅកន្លែងនេះដូចគ្នា ។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងធ្វើការវាស់វែង បានឱ្យដឹងថា ព្រះកេសនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម ។ លោក បញ្ជាក់ថា ព្រះកេសនេះ ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។

លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក ។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២,៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ ។

បច្ចុប្បន្ន ព្រះកេសព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ ត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជី និងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើយកទៅរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top