fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

វីវរហើយ ! បណ្តឹងមួយទៀតប្តឹង រហស្សនាម “ទ្រុងមាន់មេរ័ត្ន” ខណៈកំពុងជាប់ពន្ធនាគារ

កណ្តាល៖កាន់តែវែងឆ្ងាយហើយ រហស្សនាម “ទ្រុងមាន់មេរ័ត្ន” ដែលកំពុងជាប់ពន្ធនាគារ បានត្រូវរងបណ្តឹងមួយទៀតពីបទ “គំរាមកំហែងថានឹងសម្លាប់”។

បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ យ៉ុន បូរី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានអោយ CPC News អោយដឹងនៅថ្ងៃទី៩ ខែតុលានេះថា នាងខ្ញុំសូមជំរាបជូនលោកព្រះរាជអាជ្ញាមេត្តាជ្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ នាងខ្ញុំត្រឡប់មកពីផ្សារវិញ ក៏ឃើញឈ្មោះ កែ ស៊េរីរត្ន័ មានកាន់កាំបិត(ចុងស្រួច សផ្កាវ) កាន់មកដេញចាក់ប្តីរបស់នាងខ្ញុំពេញបរិវេណផ្ទះ ពេលនោះនាងខ្ញុំមានការភិតភ័យយ៉ាងខ្លាំងក៏ស្រែកទៅឈ្មោះ កែ សេរីរត្ន័ ថាហេតុអ្វីបានជាបងឯងយកកាំបិតមកដេញចាក់ប្ដីខ្ញុំអញ្ចឹង ស្រាប់តែឈ្មោះ កែវ សេរីរត្ន័ ស្ទុះមកបើកកែបម៉ូតូរួចនិយាយថាអញនឹងយកគ្រាប់បែកមកបោកសម្លាប់ពួកឯងចោលទាំងអស់គ្នា។

ភ្លាមនោះគាត់ក៏បានយកគ្រាប់បែកមកបោកលើតុ រួចក៏បានវាយជញ្ជាំង និងយកដុំថ្ម មួកសុវត្ថិភាពមកគប់លើប្ដីរបស់នាងខ្ញុំ ក្រោយមកនាងខ្ញុំបានបើកទូរស័ព្ទបម្រុងតេហៅបងប្អូនអោយមកជួយ ស្រាប់តែឈ្មោះ កែវ សេរីរ័ត្ននោះគម្រាមថា “ហ៊ានតែថតអញ អញនឹងចាក់សម្លាប់ចោលហ្មង” រួចស្រែកថាអញនឹងសម្លាប់កូនពួកឯងចោលពីរនាក់ទៀតជាដើម។ ទង្វើរបស់ឈ្មោះ កែវ សេរីរត្ន័ ខាងលើនេះស្តែងចេញនូវចេតនាសម្លាប់នាងខ្ញុំរួមទាំងក្រុមគ្រួសារ ធ្វើអោយរូបនាងខ្ញុំនិងក្រុមគ្រួសារមានការភិតភ័យយ៉ាងខ្លាំង ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានថ្លែងប្រាប់ CPC News នៅថ្ងៃទី៩ ខែតុលានេះថា សំណុំរឿងនេះនៅលោកស្រី ឈួន សុធា ព្រះរាជអាជ្ញាររង កំពុងចាត់ការហើយ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឈ្មោះកែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវលោក ងួន វុទ្ធី អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា ករណីប៉ុនប៉ងប្រើហិង្សាដោយចេតនា និងគំរាមសម្លាប់នៅស្រុកកោះធំ ជនសង្ស័យ និងជនរងគ្រោះធ្លាប់ជាមិត្តភក្តិនៅផ្ទះជាមួយគ្នា ដោយកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ ជនសង្ស័យបានកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេ ដោយសារតែជនសង្ស័យធ្លាប់ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ។ ស្រាប់តែជនសង្ស័យខឹងទាញកាំបិតដេញកាប់ជនរងគ្រោះ និងគំរាមសម្លាប់ប្រពន្ធជនរងគ្រោះបន្ថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១៖៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។

ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែល CPC NEWS ទទួលបាន បញ្ជាក់ ថា រយៈកាលកន្លងមកជនរងគ្រោះ ទ្រី សារ៉ន និងជនសង្ស័យ កែវ សេរីរ័ត្ន គឺជាមិត្តភក្ដិជិតស្និតនិងគ្នា ធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វីនិងគ្នាទេ ។

លុះនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១៖១០នាទី ជនសង្ស័យ កែវ សេរីរ័ត្ន បានជិះម៉ូតូចូលមកដល់ក្នុងផ្ទះ ទ្រី សារ៉ន រួចបានកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែឈ្មោះ កែវ សេរីរ័ត្ន ធ្លាប់ ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ ហើយ ពួកគេក៏បានទាក់ពាក្យសម្ដីគ្នា ទៅវិញទៅមក ។

រួចជនសង្ស័យ បានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួន មកដេញចាក់ឈ្មោះ ទ្រី សារ៉ន តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ពីរឿងហេតុនេះ ។

បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ហើយជនសង្ស័យរូបនេះ បានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនណាហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំប៊ូល(ដែក) ចេញពីកែបម៉ូតូរុំជាមួយក្រម៉ាពោះគោ បោកទៅលើតុ និងជញ្ជាំងផ្ទះជនរងគ្រោះ បណ្ដាលអោយធ្លាក់បែកជញ្ជីងថ្លឹងសាច់គោ ចំនួន១លេីកហើយបានស្រែកគំរាមថាជាគ្រាប់បែក និងបានគំរាមថានឹងសម្លាប់ប្រពន្ធ កូន ជនរងគ្រោះចោល រួចក៏បានជិះម៉ូតូចេញទៅតែម្ដង ។

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដី អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវរហូតបាននាំខ្លួនជនសង្ស័យ កែវ សេរីរ័ត្ន បាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top