fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

សំណុំរឿងប៉ូលិសខេត្តកណ្តាល វៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ សមត្ថកិច្ចស្រាវជ្រាវជិតចប់ហើយនិងបញ្ជូនសំណុំរឿងទៅអយ្យការ

កណ្តាល៖លោក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា នេះ ថា សំណុំរឿងនេះលោកដឹកនាំកម្លាំងស្រាវជ្រាវជិតបញ្ចប់ហើយ ដោយនឹងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ រួចរាល់ហើយ រហូតមកទល់ពេលនេះ លោកស័ក្តិ៣ ជិន ជឿន ប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់ ករណីវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ ។

មហាជនកំពុងរង់ចាំមើលទាំងអន្ទះសារ ចំណាត់ការរបស់សមត្ថកិច្ចខេត្តកណ្តាល និងអយ្យការ តើអាចចាត់ការតាមផ្លូវច្បាប់ ឈរលើភាពយុត្តិធម៌ ចំពោះប៉ូលិសខ្លួនឯងដែលប្រព្រឹត្តខុសដែរឬទេ ? ។

ជាមួយគ្នានេះ កន្លងមក លោក ប៉ូលិសស័ក្តិ៣ ជិន ជឿន ធ្លាប់ចេញវីដេអូឃ្លីបបដិសេធ ថា មិនបានវៃនារីរងគ្រោះរហូតរលូតកូននោះទេ ពោលគឺ នារីរងគ្រោះដួលដោយខ្លួនឯង ។

សូមបញ្ជាក់ថា រឿងរ៉ាវរបស់ លោក ជិន ជឿន ជាមន្ត្រីបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក កំពុងល្បីខ្ទរខ្ទារព្រោះតែការប្រើអំពើហិង្សាលើប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ ដែលនាំអោយមហាជនខឹងសម្បារជំនួសយ៉ាងខ្លាំង ។

រឿងរ៉ាវបានទម្លាយបន្ថែមទៀត គឺ លោក ជិន ជឿន ធ្លាប់ប្រើហិង្សាលើប្រពន្ធជាច្រើនលើកច្រើនសារ រហូតមានបណ្តឹងចូលស្នងការនគរបាលខេត្តកណ្តាល ថែមទៀតផង ។

ពាក្យបណ្តឹងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នារីរងគ្រោះឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ ធ្លាប់បានប្តឹងលោក ជិន ជឿន ពីបទប្រើអំពើហិង្សាផងដែរ ។

ដោយឡែក ថ្មីៗនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងថ្មីមួយទៀត ទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សុំអោយជួយរកយុត្តិធម៌ ករណីប្តីមិនទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រើការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីរងគ្រោះ រៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលើនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ៤ខែ។

នារីរងគ្រោះ ស្នើសុំលោកស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top