fbpx
V9 V9 V9 V9
ព័ត៌មានជាតិ

អាជីវកររកស៊ីខ្សាច់តូចតាច សំណូមពរថ្នាក់លើ ស៊ើបអង្កេតមន្ត្រីមានឥទ្ធិពលក្នុងក្រសួងរ៉ែនិងថាមពល ផង ដែលកំពុងធ្វើព្យុះធ្វើភ្លៀងនិងកេងប្រវ័ញ្ចចំណូលរដ្ឋរាប់សិបម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ទេរការគ្រប់គ្រងរ៉ែខ្សាច់ ពីក្រសួងធនធានទឹកនិងឧតុនិយម ទៅអោយក្រសួងរ៉ែនិងថាមពលគ្រប់គ្រងវិញ នោះ អាជីវកររកស៊ីខ្សាច់តូចតាចសុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ថា មន្ត្រីគ្រាក់ៗនិងមានឥទ្ធិពលនៅក្នុងក្រសួងរ៉ែ បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំង ដោយម្នាក់ៗបានប្រព្រឹត្តអំពើពុករលួយ កិបកេងប្រវ័ញ្ចនិងធ្វើបាប អាជីវករតូចតាច បង្កើតបក្ខពួកនិយម គ្រួសារនិយម ធ្វើឱ្យបាត់បង់ចំណូលរដ្ឋមួយខែៗមួយឆ្នាំៗរាប់សិបម៉ឺនដុល្លារអាមេរិក ។

អាជីវកររកស៊ីខ្សាច់តូចតាច បានសំណូមពរសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុរលួយ ជាពិសេសរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បើកការស៊ើបអង្កេតករណីនេះផង ។

បញ្ហានេះ ត្រូវបានអាជីវករតូចតាច អះអាងថា ពួកគាត់សុំតែម៉ារស់ក៏ក្រុមមានឥទ្ធិពលទាំងនេះ មិនឱ្យរស់ដែរ ព្រោះគេបានបង្កើតជាសមាគមមួយក្តាប់តូច កៀបសង្កត់អាជីវករតូចតាច យ៉ាងអយុត្តិធម៌បំផុត ។

ក្រុមអាជីករតូចតាចបានឱ្យដឹងទៀតថា បច្ចុប្បន្នមន្ត្រីមានឥទ្ធិពលមួយចំនួននៅក្នុងក្រសួងរ៉ែនិងថាមពល បានឃុបឃិតជាមួយឈ្មួញរកស៊ីខ្សាច់គ្រាក់ៗ ចេញឡូតិ៍ខ្សាច់ឱ្យឈ្មួញទាំងនោះ ដោយឡូតិ៍ខ្សាច់នីមួយៗសុទ្ធតែមានភាគហ៊ុន របស់មន្ត្រីខិលខូចនោះ ហើយគេនៅឈរពីក្រោយឈ្មួញ ទាំងនោះដែលមិនអាចអ្នកណាប៉ះពាល់បានឡើយ ដោយគេធ្វើយ៉ាងប្រុងប្រយ័ត្នបំផុត ។

ទាំងនេះត្រូវគេរាយការណ៍ថា រាល់ពេលដាច់ខែម្តងៗ ដៃជើងរបស់មន្ត្រីនោះ បានដើរប្រមូលបុង ខ្សាច់និងគិតលុយរាប់ម៉ឺនដុល្លារ យកមកចូលស្នាក់ការរបស់មន្ត្រីខិលខូច ។

ប្រភពព័ត៌មានបានលើកឡើងទៀតថា ឡូតិ៍ខ្សាច់ដែលមានភាគហ៊ុនរបស់មន្ត្រីគ្រាក់ៗទាំងនោះ គឺមានចំនួន៣ គឺឡូតិ៍លេខ១ ឡូតិ៍លេខ២និងឡូតិ៍លេខ៣ នៅទន្លេមេគង្គលើ ម្តុំព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល និង ស្រុកស្រីសន្ធរ ខេត្តកពង់ចាម ហើយឡូតិ៍ផ្សេងៗនៅទូទាំងប្រទេសត្រូវបានគេឃុបឃិតគ្នាបិទទាំងអស់បើកតែឡូតិ៍ចំនួន៣ដើម្បីឱ្យសាឡង់ទិញខ្សាច់ទាំងអស់សម្រុកចូលទិញ ដោយលើកហេតុផលថា ស្តារផ្លូវនាវាចរនិងការពារមិនឱ្យបាក់ច្រាំងនៅតំបន់នោះ។ ប៉ុន្តែការពិតគឺគ្រាន់តែជាលេសរបស់ក្រុមគេតែប៉ុណ្ណោះ ព្រោះតំបន់នោះសម្បូរខ្សាច់បំផុត ។ 

ប្រភពព័ត៌មាន បន្តថា សហក្រសួងពាក់ព័ន្ធបានតម្រូវឱ្យម្ចាស់អាជីវកម្មឡូតិ៍ខ្សាច់នីមួយៗលក់ខ្សាច់ដី ០,៧០សេន ដុល្លារនិងខ្សាច់សំណង់១ដុល្លារជាង តែបច្ចុប្បន្នគេលក់០,៤០សេនទៅ០,៥០ប៉ុណ្ណោះ ។ មជ្ឈដ្ឋានមួយចំនួន ឆ្ងល់ថា ហេតុអ្វីគេលក់ខ្សាច់ក្រោមតម្លៃសហក្រសួងកំណត់ ព្រោះគេបានធ្វើរបាយការណ៍កុហកទាំងអស់ ទាំងចំនួនម៉ែត្រគូប ចំណុះសាឡង់ ចំនួនសាឡង់ ដោយគេរាយការណ៍ជូនក្រសួងពាក់ព័ន្ធតែចំនួនតិចតួចប៉ុណ្ណោះ ។

ដូច្នេះក្នុង១ខែៗខុសទឹកប្រាក់រាប់ម៉ឺនដុល្លារ ហើយទឹកប្រាក់នោះបានរត់ចូលហោប៉ៅរបស់មន្ត្រីខិលខូចយកទៅចាយយ៉ាងត្រជាក់ចិត្ត ព្រោះគ្មានអ្នកណាតាមដានរឿងនេះដឹងឡើយ ។

បច្ចុប្បន្នក្រុមនេះកំពុងបង្កើតសមាគមតែគ្នាគេប៉ុន្មាននាក់ប៉ុណ្ណោះ ដើម្បីកៀបសង្កត់អាជីវករតូចតាចនិងអតិថិជនទាំងឡាយ ។ ឧទាហរណ៍ ក្នុងសមាជិកសមាគមរបស់គេណាម្នាក់ រកម៉ូយឬទីតាំងចាក់ខ្សាច់លុបបំពេញ ក្នុងតម្លៃមួយខ្ពស់ ទីតាំងនោះអ្នកផ្សេងៗមិនអាចទៅក្បែរបានទេ ក្រៅពីគ្នាគេប៉ុន្មាននាក់នោះ បើបានក៏ក្រុមគេនោះមិនលក់ខ្សាច់ឱ្យដែរ បើលក់ឱ្យក៏ក្នុងតម្លៃថ្លៃ ឬគេស៊ីក្បាលកាក់ពីលើទើបគេព្រម ពោលគឺគេរៀបចំខ្សែបណ្តោយរបស់គេទាំងអស់ អ្នកមិនមែនក្រុមគេចាំតែងាប់តែប៉ុណ្ណោះ ។

ប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងរ៉ែនិងថាមពល បានចេញឡូតិ៍នៅជិតកោះកែវទន្លេមេគង្គក្រោមស្រុកគៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល ទៅឱ្យកំពង់ផែស្វយ័តភ្នំពេញតែត្រូវបានមន្ត្រីដ៏មានឥទ្ធិពលនោះហាមមិនឱ្យដឹកខ្សាច់ចេញក្រៅ ដូចជាទៅទន្លេបាសាក់ឬទន្លេសាបនោះទេ គឺគេកំណត់ឱ្យផ្គត់ផ្គង់នៅម្តុំមេគង្គក្រោមតែប៉ុណ្ណោះ ព្រោះខ្លាចគេអត់ទៅយកខ្សាច់នៅឡូតិ៍របស់ក្រុមគេនៅមេគង្គលើ ។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ CPC NEWS បានទំនាក់ទំនងទៅកាន់លោក យស សុមុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា នេះ តែលោកបញ្ជាក់ថា កំពុងជាប់ប្រជុំ ។

អ្នករកស៊ីខ្សាច់តូចតាច បានសំណូមពរទៅសាម៊ីក្រសួងពាក់ព័ន្ធមេត្តាតាមដានរឿងនេះផង ក្រសួងសេដ្ឋនិងហិរញ្ញវត្ថុ និង អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មេត្តាស៊ើបអង្កេតករណីនេះផង ៕

V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top