ស្ថានភាពគុណភាពខ្យល់នៅតែមានភាពល្អប្រសើរ សម្រាប់ថ្ងៃនេះ

148

ភ្នំពេញ៖ក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមចាប់ពីម៉ោង ១២៖០០នាទីយប់ ដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់នេះ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់ ។

ចំពោះស្ថានភាពគុណភាពខ្យល់នៅតាមបណ្តាខេត្តនានាវិញ ក៏មានគុណភាពល្អផងដែរ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមករានេះ ។

ក្រសួងបរិស្ថាន បញ្ជាក់ថា ទោះបីយ៉ាងណាមន្ត្រីជំនាញក្រសួងបរិស្ថាននៅតែតាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ ។

គួរជម្រាបថា PM2.5 គឺជាភាគល្អិតតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង២,៥មីក្រុង ហើយភាពល្អិតតូចៗនេះ មានប្រភពមកពីការដុតឥន្ធនៈភូស៊ីល និងកំទេចធូលីផ្សេងៗ ។ អ្វីដែលគួរឱ្យបារម្ភនោះ ភាគល្អិតតូចៗនេះ អាចស្រូបចូលទៅដល់សួត និងពេលខ្លះដល់សរសៃឈាម ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ប្រសិនបើលើសកម្រិតកំណត់ ៕