សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ចូលជួបសម្ដែងការគួរសមនិងជូនពរទូតចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន

154

ភ្នំពេញ៖លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ហៅកាត់ថា “សសកច” ដឹកនាំដោយសហប្រធាន លោក លីវ ស៊ាវគ័ង និង លោក សយ សុភាព បានចូលជួបសម្ដែងការគួរសម ដើម្បីអបអរសាទរ និង ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខនេះ។

លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត ដែលបានផ្តល់នូវពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ សសកច នៅក្នុងឱកាសនៃការខិតជិតចូលមកដល់ពិធីបុណ្យចូលឆ្នាំចិនប្រពៃណីជាតិ ហើយក្នុងនាមសហប្រធាន និង ថ្នាក់ដឹកនាំ លោកសូមជូនពរដល់ឯកអគ្គរដ្ឋទូត និង សហការីទាំងអស់ ដែលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា សូមទទួលបានជោគជ័យក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។

លោក លីវ ស៊ាវគ័ង ក៏បានរៀបរាប់សកម្មភាពមួយចំនួនក្នុងឆ្នាំ២០១៩ ដែល សសកច បានអនុវត្តកន្លងមក ក្នុងនោះដូចជាការរៀបចំសិក្ខាសាលាឱ្យមានការពិគ្រោះពិភាក្សាបញ្ហាជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និង ចិន , ការរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សមាគមចំនួន៣លើកទៅកាន់ប្រទេសចិន និង ការពិនិត្យសុខភាពអ្នកកាសែតចំនួន៥០នាក់ ដែលជាការជួយឧបត្ថម្ភពីមន្ទីរពហុព្យាបាល ហុង អិន។

លោកបានបន្តទៀតថា ក្នុងឆ្នាំ២០២០ ខាងមុខនេះ សសកច នឹងរៀបចំ ឱ្យមានការពិភាក្សាលើវេទិកានៅខេត្តសៀមរាបដើម្បីរិៈរកមធ្យោបាយ ដំណោះស្រាយអំពីបញ្ហាប្រឈមក្នុងខេត្តសៀមរាបដែលមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន ដើម្បីឱ្យមានការរីកចំរើនមកវិញ។ ហើយឆ្នាំ២០២០ សសកច នឹងរៀបចំឱ្យមានការប្រឡងប្រជែង អត្ថបទ និងរូបថត លើស្នាដៃរបស់អ្នកសារព័ត៌មាន ស្តីអំពី ទំនាក់ទំនងកម្ពុជា ចិន ផងដែរ។

ជាមួយគ្នានេះលោកវ៉ាងវិនធានឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សសកច ដែលបានមកសួរសុខទុក្ខ និង ជូនពរ លោក និង ក្រុមការងារនាពេលនេះ ។ លោកសូម សម្តែងនូវការអបអរសាទរដែលជាសមិទិ្ឋផល សសកច សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមក ក៏ដូចជាសកម្មភាពនឹងធ្វើឡើងក្នុងឆ្នាំ២០២០ខាងមុខនេះ។ ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរួមចំណែកផ្សព្វផ្សាយយ៉ាងសកម្មរបស់ សសកច នៅក្នុងការផ្សព្វផ្សាយអំពីទំនាក់ទំនង កម្ពុជា ចិន ជូនដល់សាធារណជនឱ្យជ្រាបពីការរីកចំរើនអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលនេះ និង ទៅអនាគត។

ចំណែក លោក សយ សុភាព សហប្រធានភាគីកម្ពុជា ក៏ចូលរួមអបអរសាទរ និង ជូនពរឯកអគ្គរដ្ឋទូតចិន និង ក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា និង ជូនពរដល់ប្រជាពលរដ្ឋដែលរស់នៅ ឬ រកស៊ី ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រជាជនចិនរស់នៅក្នុងប្រទេសចិន ដែលកំពុងអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួន៕