ម្ចាស់ទីតាំងសត្តឃាតដ្ឋានជ្រូកព្រះពន្លា នៅខណ្ឌច្បារអំពៅ រួចខ្លួនយ៉ាងស្រួល ដោយគ្រាន់តែឆ្លើយថា មិនបានដឹង កម្មករលួចលេងល្បែងជល់មាន់

392

ភ្នំពេញ៖លោក ប៉ូច ជា ម្ចាស់ទីតាំងសត្តឃាតដ្ឋានជ្រូកព្រះពន្លា សង្កាត់ព្រែកបា ខណ្ឌច្បារអំពៅ ដែលបង្កប់ល្បែងជល់មាន់ជាយូរមកហើយ បានរួចខ្លួនយ៉ាងស្រួល ដោយអាជ្ញាធរត្រឹមអោយធ្វើកិច្ចសន្យា តែប៉ុណ្ណោះ ខណៈម្ចាស់ទីតាំងនេះ ឆ្លើយដោះសារថា មិនបានដឹង កម្មករលួចលេងល្បែងជល់មាន់និងលេងបៀរយ៉ាងអនាធិបតេយ្យ នោះទេ ។

កាលពីថ្ងៃទី២០ ខែមករា ម្សិលមិញនេះ ក្រោយមានការផ្សព្វផ្សាយយ៉ាងព្រោងព្រាតរួចមក , លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយលោក រស់ សុភ័ក្ត អភិបាលរង ដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗ ។

លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២១ ខែមករា នេះ ថា ក្នុងប្រតិបត្តិការនេះ អាជ្ញាធរដកហូតបានមាន់ជល់ចំនួន១៦ក្បាល និង សម្ភារៈមួយចំនួនទៀត ។ ប៉ុន្តែ អាជ្ញាធរ មិនបានឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ដោយសារគាត់ឆ្លើយថា មិនបានដឹង កម្មករលួចលេងល្បែងជល់មាន់និងលេងបៀរយ៉ាងអនាធិបតេយ្យ នោះទេ ។

ទោះបីយ៉ាងណា អាជ្ញាធរក៏បានអោយម្ចាស់ទីតាំង ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះ ផងដែរ ។

ប្រជាពលរដ្ឋ នៅក្បែរនោះ បង្ហើបប្រាប់ CPC NEWS ថា ទីតាំងនេះ បើកលេងល្បែងជល់មាន់យូរមកហើយ ដោយពេលខ្លះឃើញសមត្ថកិច្ចទៅយកលុយថែមទៀតផង ។

ជាមួយគ្នានេះ ការដែលអាជ្ញាធរមិនអនុវត្តច្បាប់លើម្ចាស់ទីតាំងឈ្មោះ ប៉ូច ជា នោះ នៅថ្ងៃណាមួយ នឹងមានបើកលេងសាជាថ្មី មិនខាន បើសិនជាមិនមានអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ទេនោះ ៕