អាមេរិក លែងបារម្ភពីការចំណាយថវិកាជំនួយដល់កសិករ ក្រោយចិនព្រមទិញផលិតផលកសិកម្មរបស់អាមេរិក ផ្អែកតាមកិច្ចព្រមព្រៀងដំណាក់កាលទី១

193

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទម្សិលមិញថា ក្រសួងកសិកម្មអាមេរិក មិនចាំបាច់ត្រូវការចំណាយថវិការជំនួយដល់កសិករអាមេរិកសម្រាប់ឆ្នាំ ២០២០ទៀតទេ ព្រោះចិនបានយល់ព្រមទិញផលិតផលកសិកម្ម របស់កសិករអាមេរិកហើយ ដែលបានចុះកិច្ចព្រមព្រៀងដំណាក់កាលទីមួយ រវាងអាមេរិកនិងចិន។

បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២១ ខែមករានេះ ចិននឹងចាប់ផ្តើមទិញទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះដើម្បីបំពេញតាមកិច្ចព្រមព្រៀងទិញកសិកម្មដែលមានចំនួន ៤០ ពាន់លានដុល្លារអាមេរិក។

ក្រោយប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កសិករអាមេរិកពុំមានទីផ្សារនាំចេញកសិផលរបស់ខ្លួននោះទេ ពោលគឺត្រូវពឹងផ្អែកលើជំនួយពីខាងរដ្ឋាភិបាល ដែលបានផ្តល់ជំនួយអស់រយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែដោយសារកិច្ចព្រមព្រៀងថ្មីនេះសម្រាប់ឆ្នាំ ២០២០ កសិករអាមេរិកនឹងមិនទទួលបានថវិការជំនួយទៀតនោះទេ ព្រោះចិនបានយល់ព្រមទិញផលិតផលកសិកកម្មរបស់អាមេរិក។

សូមជម្រាបថា ប្រទេសចិនជាទីផ្សារនាំចេញកសិកផលដ៏ធំរបស់អាមេរិក ដែលសណ្តែកសៀងរបស់អាមេរិកប្រមាណ ៦០ភាគរយមានប្រទេសចិនជាអតិថិជន រួមជាមួយទឹកដោះគោនិងសាច់ជ្រូកផងដែរ៕