ច្បាប់ស្តីពីការកាត់បន្ថយការបំពុលបរិយាកាស កំពុងធ្វើឱ្យនាយករដ្ឋមន្ត្រីថៃឈឺក្បាលយ៉ាងខ្លាំង

105

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃចន្ទម្សិលមិញបាននិយាយថា វាពិតជាលំបាកណាស់ក្នុងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស និងខ្យល់កខ្វក់ PM2.5 នៅក្នុងប្រទេសថៃ ជាពិសេសនៅទូទាំងទីក្រុងបាងកកតែម្តង។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២១ ខែមករានេះ។

ពលរដ្ឋថៃក៏មានចំណែកទទួលខុសត្រូវចំពោះបញ្ហាការបំពុលបរិយាកាសដែរ យ៉ាងណាក៏ដោយយើងមិនអាចបន្ទោសពលរដ្ឋរបស់យើង និងដាក់ទោសអ្នកដែលបំពុលបរិយាកាសទាំងអស់បានទេ ពីព្រោះលទ្ធផលនៃវិធានការ ការពិន័យនឹងបង្កើតបញ្ហាធ្ងន់ធ្ងរផ្សេងទៀតចំពោះសង្គម។ នេះបើតាមនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចល័តមួយនៅខេត្តណារ៉ាធីវ៉ាត។

សូមរម្លឹកថា រដ្ឋាភិបាលថៃកំពុងត្រូវបានវាយប្រហារដោយសារតែមិនបានដោះស្រាយការបំពុលបរិយាកាសជាពិសេសករណីខ្យល់កខ្វក់ PM2.5 ។

កាលពីថ្ងៃចន្ទកម្រិតផ្សែងអ័ព្ទនៅតែស្ថិតក្នុងកម្រិតមិនល្អនៅទីក្រុងបាងកកជាមួយនឹងការបំពុលបរិយាកាសយ៉ាងខ្លាំងនៅក្នុងសង្កាត់ចំនួន ៣៤ នៅក្នុងចំណោមសង្កាត់ចំនួន ៥០ នៅទីក្រុងបាងកក។

ទន្ទឹមនឹងនេះគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារនេះនឹងត្រូវបានស្នើសុំឱ្យអនុម័តវិធានការរយៈពេលខ្លី ដើម្បីកែលម្អគុណភាពខ្យល់ដែលស្នើដោយក្រសួងធនធានធម្មជាតិនិងបរិស្ថាន។

វិធានការណ៍នេះរួមមានការហាមប្រាមរថយន្តដឹកទំនិញចូលក្នុងតំបន់ទីក្រុងបាងកក ដូចជា ស្ពាន់ធ័រ ប្រេងឥន្ធនៈ ការដឹកជញ្ជូនតាមរថយន្តក្រុងនិងមធ្យោបាយធ្វើដំណើរសាធារណៈ ព្រមទាំងការបង្ក្រាបការដុតកាកសំណល់នានាផងដែរ។

ច្បាប់នេះអាចចូលជាធរមានភ្លាមៗបន្ទាប់ពីមានការយល់ព្រមពីគណៈរដ្ឋមន្រ្តី និងមានរយៈពេលរហូតដល់ចុងខែកុម្ភៈខាងមុខ។

ទោះយ៉ាងណាក៏ដោយ អ្នកជំនាញស្តីពីការបំពុលបរិយាកាស និងអ្នកធ្វើយុទ្ធនាការបរិស្ថានបានត្អូញត្អែរថាវិធានការណ៍ ឬច្បាប់ទាំងនេះមិនមានប្រសិទ្ធិភាពនោះទេ៕