ផ្លូវR6 តំបន់បឹងកក់ ខណ្ឌដូនពេញ ជាជម្រុកនៃបទល្មើសគ្រឿងញៀន កើតមានករណីវៃប្លន់យកម៉ូតូយ៉ាងសាហាវ

250

ភ្នំពេញ៖ផ្លូវR6 ជិតការដ្ឋានមួយកន្លែង ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានមហាជន ប្រសិទ្ធនាម ថា ជាជម្រុកនៃបទល្មើសគ្រឿងញៀន និង បទល្មើសផ្សេងៗទៀត ដែលឧស្សាហ៍ឃើញសមត្ថកិច្ចចុះបង្ក្រាបដែរ តែដូចជាមិនធូរស្បើយសោះ ។

ជាក់ស្តែង នៅវេលាម៉ោង២៖៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ទើបមានករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយប្លន់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសបែកក្បាល និងយកម៉ូតូម៉ាក ZOOMER-X មួយគ្រឿង បានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។

ជនរងគ្រោះមានឈ្មោះ ស ចាន់ទី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនស្នាក់នៅជិតសាលារៀនទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បើកម៉ូតូម៉ាកហុងដា ZOOMER-X ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HN-6023 ធ្វើដំណើរចេញពីកន្លែងធ្វើការគោលបំណងត្រឡប់ទៅផ្ទះនៅម្ដុំផ្សារទួលសង្កែ ដោយធ្វើដំណើរតាមបណ្តោយផ្លូវR6 ក្នុងតំបន់បឹងកក់ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យ២នាក់បានហៅ និងកាក់ម៉ូតូរបស់គាត់ហើយសុំឲ្យជូនទៅរកកន្លែងសម្រាកនៅផ្ទះ ដោយសារការដ្ឋានគេបិទទ្វារ ហើយមិនមានកន្លែងសម្រាកនោះទេ ។

ដោយសារជនរងគ្រោះ មានចិត្តអាណិតអាសូរស្មានតែកម្មករសំណង់ ទើបគាត់និយាយថា ខ្ញុំប្រញាប់ ដូច្នេះយកលុយជិះម៉ូតូឌុបទៅ ខណៈនោះជនរងគ្រោះកំពុងដកលុយអោយ ក៏ស្រាប់តែជនសង្ស័យបានយកវត្ថុរឹងមកវាយគាត់ពីក្រោយបណ្ដាលឲ្យបែកក្បាល ហើយជនសង្ស័យទាំង២នាក់បានលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានជិះកង់បីជាមួយបងប្អូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន រួចបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចក តែម្តង ។

ជនរងគ្រោះ សង្ឃឹមថា លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ នឹងអាចមានសមត្ថភាពចាប់ខ្លួនជនល្មើសបាន ៕