ដើម្បីលើកស្ទួយវិស័យភាពយន្តជាតិ ! ក្រសួងវប្បធម៌ប្រជុំពិភាក្សាអំពីបញ្ហាប្រឈមរបស់ភាពយន្តខ្មែរ

134

ភ្នំពេញ៖បញ្ហាប្រឈមរបស់ភាពយន្តខ្មែរ ត្រូវបានក្រសួងវប្បធម៌លើកឡើងជាប្រធានបទដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីលើកស្ទួយវិស័យភាពយន្តជាតិឡើងវិញ ។

នៅថ្ងៃទី២៣ ខែមករា ម្សិលមិញនេះ នៅទីស្តីការនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបើកកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមរបស់ភាពយន្តខ្មែរដែលកំពុងចាក់បញ្ចាំងតាមរោងភាពយន្ត ក្រោមវត្តមានរបស់លោក ហាប់ ទូច រដ្ឋលេខាធិការ និងមានការចូលរួមដោយលោក ស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សាក្រសួង , លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត , លោកអនុប្រធាននាយកដ្ឋាន , ប្រធានការិយាល័យ និងមន្ត្រីរាជការនៃនាយកដ្ឋានភាពយន្ត ព្រមទាំងសមាគមភាពយន្ត និងចាងហ្វាងផលិតកម្មនានាចំនួន ១៨ផលិតកម្ម ។

អង្គប្រជុំ បានឯកភាពនូវគោលការណ៍មួយចំនួនដើម្បីដាក់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេច និងផ្តល់អនុសាសន៍ ដូចខាងក្រោម ៖ ១. រៀបចំប្រព័ន្ធ កំណត់ម៉ោងក្នុងការចាក់បញ្ចាំងនៅរោងភាពយន្ត ( Screening Quota) ។
២. រៀបចំប្រកាស ស្តីពីការមិនអនុញ្ញាតឲ្យភាពយន្តបរទេសដែលចាក់បញ្ចាំងនៅតាមរោងភាពយន្ត បញ្ចូលសំឡេងជាភាសាខ្មែរ ( Dubbing System) ។
៣. ពិនិត្យ និងកែសម្រួលតម្លៃសេវាក្នុងការនាំចូលភាពយន្តបរទេសឡើងវិញ ។
៤. បង្កើតសេចក្តីសម្រេចស្តីពីការកំណត់កម្មវិធីបញ្ចាំងភាពយន្តនៅតាមបណ្តារោងភាពយន្ត ។
៥.ករណីស្នើសុំព្យួរទុកកាតព្វកិច្ចពន្ធដារ មួយចំនួនបន្ថែមទៀត សម្រាប់ផលិតកម្មភាពយន្តខ្មែរ ៕