នាំគ្នាទៅលេងទឹកទន្លេនៅតំបន់ខ្សាច់ដុះ ក្នុងស្រុកឆ្លូង ត្រូវលង់ទឹកស្លាប់អស់៣នាក់ ចំណែក២នាក់ទៀតបានរួចខ្លួន

117

ក្រចេះ៖មានយុវជននិងយុវតីចំនួន៥នាក់ បាននាំគ្នាទៅលេងទឹកទន្លេនៅតំបន់ខ្សាច់ដុះ ជាអកុសលបានលង់ទឹកស្លាប់អស់៣នាក់ ចំណែកយុវជន២នាក់ទៀតបានរួចខ្លួន ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ស្ថិតនៅទឹកទន្លេតំបន់ខ្សាច់ដុះ ក្នុងភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។

លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង ថ្លែងថា យុវជនយុវតីរងគ្រោះទាំង៣នាក់ រួមមាន ៖

១. ឈ្មោះ ធិន ភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែតស្រុកឆ្លូង ។
២. ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ។
៣. ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោងទី ១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ។

លោកអធិការ បន្តថា សាកសពទាំងបីនាក់ ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចស្រុកឆ្លូងរាវរកឃើញនិងស្រង់ចេញពីទឹកទន្លេក្រោយរយៈពេលជាង២ម៉ោង ។ ក្រោយរកឃើញ នគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពយុវជនយុវតីទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕