ប្រធានមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អះអាងថា កម្ពុជាមានទីតាំងភូមិសាស្រ្តអំណោយផលដល់ការវិនិយោគ

116

ភ្នំពេញ៖ លោក BANDO Shunsuke ប្រធានផ្នែកស្រាវជ្រាវ និងវិភាគគោលនយោបាយ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានថ្លែងថា ប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាលនៃតំបន់អាស៊ាន ដោយមានអំណោយផលដល់ការវិនិយោគ ព្រមទាំងមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ក្នុងការជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។

លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពី “ការនាំចេញផលិតផលសក្តានុពលលើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទៅកាន់ទីផ្សារជប៉ុន និងខ្សែសង្វាក់សាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ (Export Potential from Cambodia, Lao PDR, Myanmar and Viet Nam (CLMV) to Japan and Global Value Chain in the Textile and Clothing Industry)” នៅថ្ងៃទី១៣ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងស្វែងយល់ពីអត្ថប្រយោជន៍នៃខ្សែសង្វាក់ជាសាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ និងការប្រកួតប្រជែងផលិតផលនាំចេញរបស់ប្រទេស CLMV ទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាស្វែងយល់ពីនិន្នាការទីផ្សារនាពេលបច្ចុប្បន្ននៃវិស័យវាយនភ័ណ្ឌនៅជប៉ុន ដោយសិក្ខាសាលានេះមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៩០នាក់ អញ្ជើញចូលរួមក្នុងសិក្ខាសាលានានេះ។

សូមជម្រាបថា គិតមកដល់ពេលនេះ ជប៉ុនមាន គម្រោងវិនិយោគចំនួន ១៣៧គម្រោង នៅកម្ពុជា ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប៕