លោក អូស្មាន ហាស្សាន់ បង្ហាញពីការរវិនិយោគ និងស្នើរក្រុមហ៊ុនរដ្ឋធំៗនៅម៉ាឡេស៊ីមកឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា

174

ភ្នំពេញ៖លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ស្នើដល់បណ្ដាក្រុមហ៊ុនធំៗនៅម៉ាឡេស៊ី មករកស៊ីបណ្តាក់ទុននៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុន Petronas រុករកប្រេង ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធអ៊ិនធឺណែត ក្រុមហ៊ុនអភិវឌ្ឍន៍លើឧស្សាហកម្មហាឡាល់ផងដែរ។

ជាមួយគ្នាដែរ លោកទេសរដ្ឋមន្រ្តីក៏បានលើកឡើងពីសក្កានុពល ការអភិវឌ្ឍ ឱកាសវិនិយោគ កំណើនសេដ្ឋកិច្ច ដោយឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ នេះបើតាមការចុះផ្សាយដោយ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកុម្ភៈ នេះ ។

រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី សន្យាជំរុញឱ្យបណ្តាក្រុមហ៊ុនមកធ្វើការសិក្សា ពិនិត្យលើការវិនិយោគ អ្វីដែលក្រុមហ៊ុនម៉ាឡេស៊ីអាចធ្វើបាន។ ចំពោះការអភិវឌ្ឍវិស័យហាឡាល់ លោកនឹងជំរុញឱ្យក្រុមហ៊ុន ហាឡាល់ម៉ាឡេស៊ី HDC ចូលរួមជួយសហការលើការងារវិស័យហាឡាល់កម្ពុជា។ ការងារនេះមិនត្រឹមតែជាការផលិតម្ហូបអាហារ និងសម្ភារប្រើប្រាស់ហាឡាល់នោះទេ តែគឺជាការងារជំរុញដល់កំណើនសេដ្ឋកិច្ចជាតិដ៏ធំ ដែលទីផ្សារហាឡាល់នៅលើពិភពលោក ដែលមានទំហំទឹកប្រាក់រហូតដល់ទៅជាង ៣.៣ ទ្រីលានដុល្លារអាម៉េរិក។

សូមជម្រាបថា ការស្នើនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ លោក Dato Sri Azmin Ali រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច ម៉ាឡេស៊ី ដែលគ្រប់គ្រងក្រុមហ៊ុនរដ្ឋធំៗទាំងអស់ រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ហាឡាល់ម៉ាឡេស៊ី(HDC) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ៕