ស្របពេលខេត្តត្បូងឃ្មុំមានការអភិវឌ្ឍខ្លាំង ក្រុមវិនិយោគិនម៉ាឡេស៊ី ចាប់អារម្មណ៍ធ្វើការវិនិយោគលើវិស័យលំនៅដ្ឋាន និងវិស័យកសិកម្ម

153

ត្បូងឃ្មុំ៖ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធនានា រួមមានទាំងសាលារៀន មន្ទីពេទ្យ ផ្លូវជាតិ យ៉ាងច្រើនជាបន្តបន្ទាប់ ពិសេសវិស័យអចលនទ្រព្យ កំពុងវិវត្តខ្លួនយ៉ាងខ្លាំង ដែលមានគម្រោងបុរី ឬ ផ្ទះល្វែង អគារពាណិជ្ជកម្ម គម្រោងដីឡូ សម្រាប់អាជីវកម្ម សំណង់លំនៅដ្ឋាន និងដីសម្រាប់អភិវឌ្ឍន៍ជាដើម។

ថ្មីៗនេះ ក្នុងជំនួបរវាងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងលោក អ៊ែលឌីន ហ៊ូសៃនី ពិន មហាំម៉ាត់ ហាស៊ីម (Eldeen Husaini BIN MOHD HASHIM) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឱ្យដឹងថា ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន សម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ ក្នុងការវិនិយោគលើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក៏អាចមានលទ្ធភាពទិញបាន។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ និងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ពិសេស ខេត្តត្បូងឃ្មុំ ក្នុងការជំរុញញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការលើកបង្ហាញប្រាប់ពីស្ថានភាពភូមិសាស្ត្រដ៏ល្អ មានលក្ខណៈអំណោយផល នូវសក្តានុពលលើវិស័យនានា ពិសេសវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច។ កម្រិត GDP របស់ប្រជាពលរដ្ឋក្នុងខេត្ត មានកំណើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាពទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួលច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ ៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ក្រឡេកមកមើលក្រុមហ៊ុនពុះដីឡូត៌ ម៉ាកាស់ លែន ដែលមានមូលដ្ឋាននៅទីរួមខេត្តត្បូងឃ្មុំឯណោះវិញ ក៏បាននិងកំពុងមានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ដោយសារក្រុមហ៊ុននេះ មានទីតាំងល្អ នៅជាប់ផ្លូវធំ មានផ្លូវខ្វាតខ្វែង និងនៅជាប់ទន្លេសិប្បនិមិត្ត។ អ្វីដែលកាន់តែពិសេសនោះ គឺក្រុមហ៊ុននេះ ក៏បានរៀបចំឲ្យមានប្លង់រឹងសម្រាប់អតិថិជន ដែលនេះកាន់តែផ្តល់ទំនុកចិត្តដល់អតិថិជនថែមទៀតផង។

ហេតុនេះហើយ ចក្ខុវិស័យសម្រាប់ទីតាំងភូមិសាស្រ្ត នៅខេត្តត្បូងឃ្មុំ ជាទីតាំងឆ្លើយតបទៅនឹងតម្រូវការដីឡូតិ៍សម្រាប់អ្នកវិនិយោគថ្មីៗ ក្នុងការរកស៊ី និងធ្វើលំនៅឋាន ឬទិញទុកលក់ចំណេញ ដែលធ្វើឲ្យគម្រោងដីឡូតិ៍មានការទាក់ទាញខ្លាំងពីសំណាក់អតិថិជន។ ម៉ាកាស់លែន ជាក្រុមហ៊ុនលក់ដីឡូតិ៍ និងផ្ទះល្វែងដ៏មានសក្តានុពលមួយ ក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានទំនុកចិត្តបំផុតពីអតិថិជន ។

សូមជម្រាបផងដែរថា ក្នុងជំនួបនោះដែរ លោកអភិបាលខេត្ត ស្វាគមន៍ចំពោះការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្ត។ លោកបន្តជំរុញឲ្យម៉ាឡេស៊ី បង្កើនទំនាក់ទំនងទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសខេត្តត្បូងឃ្មុំ៕