ជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើពិភពលោករបស់ប្រទេសម៉ាឡេស៊ី ដែលបានលាលែងចេញពីតំណែង

650
Malaysia's Prime Minister Mahathir Mohamad salutes the royal guard of honour during the opening ceremony of the parliament in Kuala Lumpur on July 17, 2018. (Photo by Mohd RASFAN / AFP) (Photo credit should read MOHD RASFAN/AFP/Getty Images)

កូឡាឡាំពួរ៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក ម៉ាហាធៀ មូហាម៉ាត់ (Mahathir Mohamad) បានដាក់លិខិតថ្វាយជូនព្រះមហាក្សត្រ ដើម្បីលាលែងចេញពីតំណែងហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia ។

លិខិតលាលែងពីតំណែងរបស់លោក បណ្ឌិត មហាធៀ ត្រូវបានបញ្ជូនទៅថ្វាយព្រះមហាក្សត្រនៅម៉ោង ១ រសៀល ប៉ុន្តែមិនមានព័ត៌មានលម្អិតផ្សេងទៀតត្រូវបានបញ្ចូលក្នុងលិខិតនោះទេ។

ការលាលែងរបស់នាយករដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកនេះនាពេលនេះ បានកើតឡើងបន្ទាប់ពីការរំពឹងទុកកាន់តែខ្លាំងឡើងដែលថារដ្ឋាភិបាលថ្មីមួយនឹងត្រូវបានបង្កើតឡើងដែលមានការចូលរួមពីសំណាក់សមាជិកគណបក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំងមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះជាប្រវត្តិរបស់នាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេលើពិភពលោក លោក បណ្ឌិត មហាធៀ មហាម់ាត់៖

១៖ ប្រវត្តិតស៊ូពីកុមារភាព
លោក មហាធៀ បានកើតក្នុងផ្ទះឈើនៃគ្រួសារមួយ ដែលស្ថិតនៅ ក្នុងទីក្រុង Alor Setar នៃរដ្ឋ Kedah ក្នុងដែនដីម៉ាឡេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥កន្លងទៅនេះ ក្នុងនាមជាកូនពៅគេ ក្នុងចំណោមបងប្អូន ៩នាក់។ លោកមានឈ្មោះហៅក្រៅថា Cek Det។ លោកមិនបានកើតនៅក្នុងវណ្ណៈអភិជន ឬក្រុមគ្រួសារសាសនា ឬអ្នកនយោបាយ លេចធ្លោទេ។ ឪពុករបស់ ម៉ាហាធៀ ជានាយកសាលាដែលមានស្ថានភាពសេដ្ឋកិច្ចទាប សូម្បីកូនស្រីបង្កើតរបស់លោក ក៏មិនអាចមានលទ្ធភាពចុះឈ្មោះចូលរៀនបានផង។ នៅពេលចូលរៀន កុមារ មហាធៀ ជាក្មេងដែលប្រឹងប្រែងក្នុងការសិក្សាជាខ្លាំង។ បទវិន័យរបស់ឪពុក ជម្រុញឱ្យកុមាររូបនេះមានកម្លាំងចិត្តរៀនសូត និងមានការចាប់អារម្មណ៍ខ្លះៗទៅលើវិស័យកីឡា។

មហាធៀ ចាប់ផ្ដើមចូលរៀនថ្នាក់បឋមនៅសាលា Seberang Perak Malay សម្រាប់ក្មេងប្រុសក្នុងឆ្នាំ១៩៣០ ហើយសិក្សានៅទីនោះរយៈពេលពីរឆ្នាំ។  ដោយភាពប្រឹងប្រែង មហាធៀ បានក្លាយជាសិស្សពូកែ និងមានភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស។ ខណៈដែលសាលារៀនត្រូវបិទទ្វារ ដោយសារជប៉ុនឈ្លានពានក្នុងសម័យសង្គ្រាមលោកលើកទីពីរ មហាធៀ បានប្រកបអាជីវកម្ម ដោយការលក់កាហ្វេ និងចេកបំពង ព្រមទាំងអាហារសម្រន់ផ្សេងៗ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ មហាធៀ ក៏បន្តការសិក្សាថ្នាក់មធ្យមសិក្សា ដោយបញ្ចប់ការប្រឡងជាន់ខ្ពស់ក្នុងខែធ្នូ ឆ្នាំ១៩៤៦ និងចូលសិក្សាផ្នែកឱសថ នៅសាលា King Edward VII ក្នុងប្រទេស សិង្ហបុរី (បច្ចុប្បន្នជាផ្នែកមួយនៃសកលវិទ្យាល័យសិង្ហបុរី)។

នៅទីនោះហើយ ដែល មហាធៀ បានជួបភរិយារបស់លោកនាពេលបច្ចុប្បន្ន គឺអ្នកនាង Siti Hasmah Mohamad Ali ដែលសិក្សាផ្នែកឱសថដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក មហាធៀ បានធ្វើការជាវេជ្ជបណ្ឌិត ដែលបម្រើសេវាកម្មសម្រាប់រដ្ឋាភិបាល ហើយបានរៀបការក្នុងឆ្នាំ១៩៥៦។ លោកបានវិលត្រឡប់ទៅស្រុកកំណើត ដោយបើកគ្លីនិកកាន់កាប់ដោយខ្លួនឯង។ លោកទទួលបានជោគជ័យជាខ្លាំងក្នុងមុខរបរនេះ ដោយបានក្លាយជាវេជ្ជបណ្ឌិតដ៏ជំនាញតែម្នាក់ប្រចាំនៅទីនោះ ដែលអាចឱ្យលោកមានលទ្ធភាពសាងសង់ផ្ទះយ៉ាងធំ ព្រមទាំងវិនិយោគលើមុខរបរជាច្រើន។ ស្វាមីភរិយាទាំងពីរ មានកូនដំបូងក្នុងឆ្នាំ១៩៥៧ ដោយមានឈ្មោះថា Marina ក្រោយមកក៏មានកូនបីនាក់ និងសុំកូនមកចិញ្ចឹមបីនាក់ផ្សេងទៀត។

២៖ ការប្រឡូកក្នុងវិស័យនយោបាយ៖

លោកបានក្លាយជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី សម្រាប់មណ្ឌលបោះឆ្នោតឡាំងកាវ៉ា នៅកេដាដា។ ក្នុងឆ្នាំ១៩៧៦ លោកបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រហូតដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីដំណែង លោក មហាធៀ ស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេស ម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។ អាជីពនយោបាយរបស់លោក មហាធៀ មានរយៈពេលជាង៧០ឆ្នាំ រាប់ចាប់តាំងពីលោកបានចូលរួមជាលើកដំបូងជាមួយ គណបក្ស UMNO ដែលទើបបង្កើតថ្មីនៅឆ្នាំ១៩៤៦ ក្រោយមកទើបលោកបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្ស Parti Pribumi Bersatu Malaysia (គណបក្សជនជាតិភាគតិចម៉ាឡេស៊ី) ក្នុងឆ្នាំ២០១៦។

ក្នុងអំឡុងពេល លោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេស ម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្ដុំអំណាចក្នុងរយៈពេលដ៏យូរ នៃការកាន់អំណាចរបស់លោក បានធ្វើឱ្យប្រព័ន្ធតុលាការបាត់បង់ឯករាជ្យ និងបង្កើតជាអំណាចបែបប្រពៃណីលេចឡើងក្នុងប្រទេស ម៉ាឡេស៊ី។

ដើម្បីទប់ស្កាត់ការប្រឆាំងបះបោរ លោកបានចាត់វិធានការណ៍ដាក់ពង្រាយសន្តិសុខការពារផ្ទៃក្នុង ចាប់ខ្លួនពួកសកម្មជន តួអង្គសាសនាមិនត្រឹមត្រូវ គូប្រជែងនយោបាយ រួមទាំងឧបនាយករដ្ឋមន្ត្រីដែលលោកបានបណ្តេញចេញពីដំណែង កាលពីឆ្នាំ១៩៩៨ គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម(Anwar Ibrahim)។ ការទប់ស្កាត់សេរីភាពជនស៊ីវិល និងការប្រឆាំងនឹងផលប្រយោជន៍ និងគោលនយោបាយសេដ្ឋកិច្ចរបស់លោកខាងលិច បានបង្កភាពល្អក់កករក្នុងទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងបណ្តាប្រទេសដទៃទៀត។

បន្ទាប់ពីចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី លោកមហាធៀ បានក្លាយជាអ្នករិះគន់ដ៏សកម្មម្នាក់ ទៅលើនៃនាយករដ្ឋមន្រ្តីដែលស្នងតំណែងបន្តពីលោក គឺលោក អាប់ឌុលឡោះ អះម៉ាត់ បាដាវី (Abdullah Ahmad Badawi) និងលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មហាធៀ បានចាកចេញពីបក្ស UMNO ដោយយល់ថា បក្សនេះបានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាគណបក្សនយោបាយជាផ្លូវការ ដោយមានលោកផ្ទាល់ជាប្រធាន។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោកត្រូវបានប្រកាសថា ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨។

បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០១៨ លោក មហាធៀ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ ស្ថិតក្នុងវ័យ៩២ឆ្នាំ ធ្វើឱ្យលោកក្លាយជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេលើពិភពលោក។ លោកក៏ជានាយករដ្ឋមន្ត្រីដំបូងគេនៅម៉ាឡេស៊ី ដែលធ្លាប់កាន់គណបក្សពីរផ្សេងគ្នា៕