សូមប្រុងប្រយ័ត្ន! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ទាំងព្រឹកព្រលឹម

110

ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកុម្ភៈ នេះ មានករណីអគ្គិភ័យមួយកើតឡើងគួរឲ្យភ្ញាក់ផ្អើលមួយ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ វេលាម៉ោង ៥៖២៥នាទីព្រឹក បណ្តាលមកពី ការដុតធុបមូសឆេះ បង្កជាអគ្គិភ័យតែម្តង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងរាលដាលដល់ផ្ទះអ្នកដទៃឡើយ។

ម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះ គង សុខលីម ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករឡឆ្នាំង។ នេះបើតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ។ សំណង់ដែលឆេះឆាបនេះ ជាប្រភេទថ្មក្រោមឈើប្រកសង្ក័សីទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ។

សូមជម្រាបថា អគ្គិភ័យនេះ ត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង ៦៖០០នាទីព្រឹក ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តជំនួយកងរាជអាវុធហត្ថចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូបផងដែរ៕