មន្ទីពេទ្យកម្ពុជា-ចិន ដ៏ធំ និងទំនើបប្រចាំខេត្តត្បូងឃ្មុំ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ ២០២០នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធនៃខេត្តមួយនេះ ដុះដាលជាបន្តបន្ទាប់

420

ត្បូងឃ្មុំ៖ មន្ទីពេទ្យកម្ពុជា-ចិន ដ៏ធំប្រចាំខេត្តត្បូងឃ្មុំ នឹងសាងសង់រួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០២០នេះហើយ ដែលមានតម្លៃប្រមាណ ៥០លានដុល្លារ។

នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសចុះទៅត្រួតពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់មន្ទីរពេទ្យ ជាមួយ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាម លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺសាងសង់បាន៤៥%ហើយ ហើយមន្ទីពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជនក្នុងខេត្តត្បូងឃ្មុំ និងមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

មន្ទីពេទ្យនេះ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ ដែលនឹងត្រូវបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺទូទៅផងដែរ។

សូមជម្រាបថា មន្ទីមន្ទីពេទ្យកម្ពុជា-ចិន ពុំមែនជាហេដ្ឋារចនាសម្ព័ន្ធទី១ សម្រាប់ខេត្តត្បូងឃ្មុំឡើយ ពោលចាប់តាំងពីខេត្តមួយនេះ ត្រូវបានកាត់ចេញពីខេត្តកំពង់ចាមក្នុងឆ្នាំ២០១៣មក ខេត្តមួយនេះត្រូវបានគេសង្កេតឃើញថា ទីរួមខេត្តដែលមានដីទួលខ្ពស់មួយនេះ មានការរីកចម្រើនជាបន្តបន្ទាប់ មិនថាការពង្រីកផ្លូវជាតិតភ្ជាប់ឆ្លងខេត្ត សកលវិទ្យាល័យ ផ្សារអន្តរជាតិ សួនច្បារ ភ្លើងបំភ្លឺផ្លូវជាដើម ដែលធ្វើឲ្យខេត្តមួយនេះមានសក្កានុពលយ៉ាងខ្លាំង ទាំងលំហូរសេដ្ឋកិច្ច និងការវិនិយោគ ដែលធ្វើឲ្យតម្លៃដីនៅក្នុងខេត្តមួយនេះកើនឡើងជាបន្តបន្ទាប់។

ជាក់ស្តែងក្រុមហ៊ុន ម៉ាកាស់ លែន ដែលជាក្រុមហ៊ុនអចលនទ្រព្យធ្លាប់តែពុះដីឡូតិ៍ជាច្រើនគម្រោង ក៏បានវិវឌ្ឍន៍ថ្មីមួយជំហានទៀត ក្នុងការសាងសង់លំនៅដ្ឋានបន្ថែមទៀតលើទីតាំងដីឡូតិ៍របស់ខ្លួន ដែលមានទីតាំងដ៏មានសក្កានុពលស្រាប់នៅក្នុងខេត្តត្បូងឃ្មុំ ដែលនៅជិតសាលាខេត្ត សាលារៀន ទល់មុខទន្លេសិប្បនិម្មិត ក្បែរសាលប្រជុំនានា និងទីតាំងសំខាន់ៗជាច្រើនទៀត។

អគ្គនាយកក្រុមហ៊ុន ម៉ាកាស់ លែន ធ្លាប់បានថ្លែងប្រាប់ CPC NEWS កន្លងមកថា ខេត្តត្បូងឃ្មុំជាខេត្តដ៏គួរឲ្យចង់រស់នៅ ទើបលោកសម្រេចអនុវត្តគម្រោងលំនៅដ្ឋានលើទីតាំងដីឡូតិ៍របស់លោកតែម្តង ហើយបច្ចេកទេសសាងសង់វិញ លោកបានសហការជាមួយក្រុមហ៊ុនសាងសង់ក្នុងប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង ដើម្បីនាំយកទាំងរចនាបទ និងគុណភាពស្របតាមស្តង់ដារអន្តរជាតិមកអភិវឌ្ឍន៍ក្នុងខេត្តកូនពៅមួយនេះ៕