រឿង ៣យ៉ាងដែលព្រះមហាក្សត្រម៉ាឡេស៊ីទទួលបានការកោតសរសើរពីប្រជារាស្ត្រ ខណៈស្ថានភាពនយោបាយកំពុងឡើងកម្តៅខ្លាំង

196

ម៉ាឡេស៊ី៖ស្របពេលដែលនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីបាននិងកំពុងកើនឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្រះមហាក្សត្រ Al-Sultan Abdullah Riayatuddin Al-Mustafa Billah Shah ត្រូវបានយកឈ្នះចិត្តប្រជាពលរដ្ឋ ដោយព្រះអង្គចែកអាហារដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងពេលពួកគេកំពុងតាមដានស្ថានការណ៍នយោបាយនៅមុខព្រះមរមរាជវាំងផងដែរ។

រឿង ៣យ៉ាងដែលព្រះមហាក្សត្របានធ្វើអោយអ្នកគាំទ្រទ្រង់ជាខ្លាំងនោះ ទី១ ព្រះអង្គចែកអាហារដល់អ្នកសារព៍ត៌មានដោយផ្ទាល់កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ នៅព្រឹកបន្ទាប់ពីព្រះអង្គបានរៀបចំការដឹកជញ្ជូនអាហារពេលព្រឹកនៅមុខព្រះបរមរាជវាំង ទ្រង់ថែមទាំងចំណាយពេល ២-៣នាទី មានបន្ទូលជាមួយអ្នកយកព័ត៌មាន ខណៈពេលកំពុងញាំអាហារផងដែរ។

កាលពីថ្ងៃពុធថ្ងៃទី២៦ ខែកុម្ភៈ ព្រះអង្គបានអោយអ្នកយាមនៅព្រះបរមរាជវាំងនាំយកកៅអីអង្គុយចំនួន ៤០កៅអីសម្រាប់អោយអ្នកសារព័ត៌មានអង្គុយ ដោយមិនបាច់ត្រូវឈររង់ចាំនៅខាងក្រៅទ្វារនោះទេ។ ហើយទ្រង់បានកោះហៅឡានដឹកភេសជ្ជៈមីលឡូត្រជាក់ៗ រួមជាមួយម្ហូមសម្រាប់អាហារថ្ងៃត្រង់ផងដែរ។

ទី២ ព្រះអង្គអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលក្នុងព្រះបរមរាជវាំង ដោយមិនទាមទារការស្លៀកពាក់ដែលបានកំណត់ ពោលកន្លងមកច្បាប់អ្នកចូលព្រះបរមរាជវាំង ចាំបាច់ត្រូវស្លៀកសំលៀកបំពាក់បែបប្រពៃណី តាមច្បាប់កំណត់។ ព្រះមហាក្សត្របានតាក់តែងច្បាប់ និងអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលក្នុងព្រះបរមរាជវាំងដោយមិនចាំបាច់មានសំលៀកបំពាក់ដែលបានកំណត់នោះឡើយ។

ទី៣ ព្រះអង្គសម្រេចសម្ភាសន៍ជាមួយអ្នកតំណាងរាស្ត្រទាំង ២២២រូប ជំនួសឱ្យការបោះឆ្នោតទូទៅដែលអាចនឹងចំណាយថវិកាប្រមាណជា ៦០០លានរីងហ្គីត។ សកម្មភាពបែបនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ ព្រះមហាក្សត្រប្រកាសថ្ងៃទី ២៥ ខែកុម្ភៈ ថាព្រះអង្គនឹងធ្វើកិច្ចសម្ភាសន៍ ជាមួយសមាជិកសភាម្នាក់ម្តងៗ ដើម្បីស្តាប់ទស្សនៈរបស់ពួកគេ ថាតើនរណាសមធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីការលាលែងតំណែងរបស់លោកបណ្ឌិត មហាធៀរ មហាម៉ាត់។

សូមជម្រាបថា ស្ថានភាពនយោបាយនៅប្រទេសម៉ាឡេស៊ីបាននិងកំពុងមានភាពស្រពិចស្រពិល និងឡើងកម្តៅខ្លាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធៀរ មហាម៉ាត់ បានថ្វាយលិខិតមួយជូនព្រះមហាក្សត្រ ដើម្បីលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕