មហាជនចង់ឃើញ សមត្ថកិច្ចអនុវត្តច្បាប់ចំពោះលោក នី ណាក់ អោយដូច ចំប៉ីខ្មៅ ដែលដៀលខ្មែរកប់ៗមាត់ ថា “ចោលម្សៀតនិងថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោ អន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារ

38901

ភ្នំពេញ៖លោក នី ណាក់ ម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុមួយ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “IMan-KH” នៅពេលនេះ កំពុងត្រូវបានមហាជនផ្ទុះកំហឹងកាន់តែខ្លាំងក្លា ដោយសារតែបានដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ ថា “ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប” ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ជំពាក់ប្រាក់ធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ ខណៈប្រជាពលរដ្ឋខ្លះ អាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ នោះទេ ។

បុរសរូបនេះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ ។ តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”

ក្រោយការសរសេរខ្លឹមសារទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ទើបក្រោយមកបុរសរូបនេះ បានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ ចំនួន២លើក ។

ទោះបីយ៉ាងណា មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំពោះលោក នី ណាក់ អោយដូចការអនុវត្តច្បាប់ទៅលើ ចំប៉ីខ្មៅ ផងដែរ ដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម ៕