• Cambodia Peace Channel

បច្ចេកវិទ្យាកាន់តែរីកចម្រើន ! Walmart បានដាក់មនុស្សយន្តជំនួសការងារមួយចំនួនរបស់មនុស្ស

អាមេរិក៖ក្រុមហ៊ុន Walmart បានដាក់មនុស្សយន្តដើម្បីជំនួសការងាររបស់មនុស្ស ទៅលើមុខងារសម្អាត ការស្កេនមុខទំនិញ ក្នុងគោលបំណងសន្សំសំចៃថ្លៃឈ្នួលពលកម្ម និងបំពេញការងារដែលមនុស្សមិនចូលចិត្តធ្វើ ។

Walmart ហាក់ដូចជាកំពុងព្យាយាមធ្វើសេវាកម្មលក់គ្រឿងទេសតាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹង AmazonFresh និងការចែកចាយអាហារទាំងមូលរបស់ Amazon Prime Now ខណៈដែលទាំងពីរនេះនៅតែពង្រីក ។ នេះបើតាមការផ្សាយរបស់គេហទំព័រ The Verge ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។

ក្រុមហ៊ុន Walmart និយាយថា យើងកំពុងកាត់បន្ថយកម្លាំងពលកម្មសម្រាប់កិច្ចការជាច្រើនដូចជា ការសម្អាតកម្រាលឥដ្ឋជាដើម ហើយយើងកំពុងផ្តោតទៅលើការរីកលូតលាស់នៃអាជីវកម្មគ្រឿងទេសតាមអនឡាញរបស់ខ្លួនផងដែរ ។

គួរជម្រាបថា Walmart បានដាក់តេស្តបច្ចេកវិទ្យាមនុស្សយន្ត ដើម្បីជំនួសឱ្យការងាររបស់មនុស្សនេះតាំងពីឆ្នាំ២០១៧មកម៉្លេះ ។

ហាងចំនួន ១,៥០០ ដែលបានកំពុងប្រើប្រាស់មនុស្សយន្ត ក្នុងនោះមានមនុស្សយន្តចំនួន ៣០០ ដែលធ្វើការផ្នែកសម្អាត ហើយ Walmart នឹងដាក់មនុស្សយន្តចំនួន ៦០០ បន្ថែមទៀត ដើម្បីធ្វើការទៅលើផ្នែករៀបចំស្តុក ៕

ដោយ៖វីរ៉ា វីន