• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្រ្តីម្នាក់ធ្លាក់ពីលើអគារជាន់ទី៥បាត់បង់ជិវិត ខណៈពេលមុនស្លាប់បានរៀបរាប់ពីហេតុការណ៍ដ៏ព្រឺព្រួចដែលខ្លួនបានជួប

ភ្នំពេញ៖ ស្ត្រីវ័យកណ្ដាលម្នាក់ បានធ្លាក់ពីលើអគារជាន់ទី៥ បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣៣នាទី ទៀបភ្លឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវលំ  ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះភ័ក្រ្ត ភេទស្រី អាយុជាង ៣០ឆ្នាំបច្ចុប្បន្នស្នាក់អគារកើតហេតុខាងលើជួលបន្ទប់ជាន់ទី ៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់បានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានឃើញស្ត្រីរងគ្រោះ ចុះពីលើផ្ទះមកនិយាយជាមួយគាត់ ដោយលើកឡើងនូវរឿង២យ៉ាង។ ស្ត្រីរងគ្រោះបាននិយាយអំពីអបិយជំនឿរ ថាគាត់បានឃើញវិញ្ញាណអាក្រក់មករកគាត់ បន្ទាប់មកគាត់បានបន្តថា បើថ្ងៃណាមួយគាត់ស្លាប់ មានអ្នកធ្វើបុណ្យអោយគាត់ឬទេ?

ឮដូច្នេះស្ត្រីជាអ្នកស្គាល់គ្នាបាននិយាយវិញថា៖ ម៉េចក៏ឯងនិយាយអ៊ីចឹង កុំគិតអីឆ្កួតៗទៀត គិតរឿងល្អៗទៅ។ ជជែកគ្នារួច លុះដល់ម៉ោងកើតហេតុ គេស្រាប់តែឃើញស្ត្រីរងគ្រោះ ធ្លាក់ពីលើអគារជាន់ទី៥ ដែលគាត់បានរស់នោះនោះ ស្លាប់តែម្តង។

ដោយឡែកប្រភពព័ត៌មានពីយុវជនម្នាក់ អ្នកដឹកជញ្ជូនអាហារបានអោយដឹងថា៖ មុនពេលកើតហេតុ គាត់បានដឹកម្ហូបដែលភ្ញៀវបញ្ជារទិញ មកអោយភ្ញៀវ នៅក្បែរទីតាំងកើតហេតុ។ កំពុងតែអង្គុយលើម៉ូតូ ចាំអតិថិជនមកទទួលម្ហូប ស្រាប់តែឮសម្លេងមនុស្សធ្លាក់ នៅក្បែរគាត់តែម្តង ហើយគាត់ក៏បានស្លុតយ៉ាងខ្លាំង មិនហ៊ានទៅមើលជិតនោះទេ ដឹងត្រឹមថាអ្នកស្លាប់ជាមនុស្សស្រី បន្ទាប់ពីប្រគល់ម្ហូបជូនភ្ញៀវរួច ក៏ប្រញ៉ាប់ជិះម៉ូតូចេញមកវិញតែម្តង។

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការហ៊ុមព័ទ្ធខ្សែ ដើម្បីការពារ ជុំវិញទីតាំងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆយ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសាកសព និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕