• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-វត្ថុសិល្បៈធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរចំនួន២ ត្រូវពលរដ្ឋភូមិបឹងទ័ពព្យុះប្រទះឃើញ និងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ

កំពងស្ពឺ៖លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងធ្វើពិធីប្រគល់-ទទួលវត្ថុសិល្បៈចំនួនពីរដុំ/ផ្ទាំង រួមមានសិវលិង្គ(មុខលិង្គ) ចំនួន១ដុំ ធ្វើពីថ្មភក់ និងយោនី ចំនួន១ផ្ទាំង ធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរដែលប្រទះឃើញ ស្ថិតនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយអ្នកស្រុក ពេលកាប់ដីដាំដំណាំ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ។
កម្មវិធីក៏នេះមានការនិមន្ដចូលរួមពីព្រះសង្ឃ និងក្រុមការងាររដ្ឋបាលស្រុកគងពិសី អាជ្ញាធរឃុំជង្រុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី នគរបាលប៉ុស្ដិ៍ជង្រុក លោកស្រីមេភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន២១៥នាក់ ស្រី៤៥នាក់ ព្រមទាំងកុមារតូចៗ និងសិស្សានុសិស្សជាកូនចៅអ្នកស្រុកជាច្រើនរូបទៀត។
ក្នុងនោះក៏មានការថ្វាយភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ុំានិងការរៀបចំគ្រឿងរណ្ដាប់សម្រាប់កិច្ចបែរបន់ និងលាបំណន់សុំសេចក្ដីសុខ ក្រែងមានការនិយាយប៉ះពាល់ដោយប្រការណាមួយមុនពេល កំឡុងពេល និងក្រោយពេលបញ្ចប់កិច្ចពិធីដែលមានអាចារ្យពិធី និងចាស់ព្រឹទ្ធាចារ្យ ប្រារព្ធតាមប្រពៃណីក្នុងតំបន់។ ឆ្លៀតក្នុងឱកាសនោះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពាបេតិកភណ្ឌវប្បធម៌ជូនដល់ប្រជាពលរដ្ឋ និងកំណត់តំបន់ការពាររួចរាល់សម្រាប់ការងារស្រាវជ្រាវនាថ្ងៃខាងមុខ ៕