• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បំណែកសាច់ និងប្រហិតខូចគុណភាពជិត១០តោន ត្រូវក្រុមន្ត្រីជំនាញបង្រាបបាន ក្នុងភូមិសាស្រ្តចំនួន៣ផ្សេងគ្នា

តាកែវ៖ អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបនិងដុតកម្ទេចបំណែកសាច់និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

មន្ត្រីជំនាញបានបញ្ជាក់ឪ្យដឹងថា ករណីទី១ បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ ។

ករណីទី២ គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ។

ដោយឡែកករណីទី៣ សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕