• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រថយន្ត BMW មួយគ្រឿងបើកលឿនដូចហោះ ជ្រុលចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿង បើកលឿនដូចហោះមិនប្រយ័ត្ន ជ្រុលចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង០០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានៅភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើប១គ្រឿង បើកបរដោយយុវជនម្នាក់ រួមដំណើរដោយយុវជន២នាក់ទៀត ដោយរថយន្តមានម៉ាក់ BMW ពណ៌ស្វាយ ដែលស្លាកលេខ កម្ពុជា F80.8898 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចមកកើត។

លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូលកាំកូ ក៏ស៊ីញ៉ូប៊ូងចង្កូតបត់ត្រឡប់ក្រោយ ប៊ូងចង្កូតបត់មិនទាន់ ក៏រ៉េចង្កូតទៅខាងស្ដាំដៃ ដោយល្បឿនលឿនផងនោះ ក៏ជ្រុលបុករះរបងផ្ទះអស់ចំនួន២ផ្ទះ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរលំរបងនឹងទ្វាផ្ទះរងការខូចខាតបន្ថែមទៀត។

បន្ទាប់ពីកើតហេតុរួច មនុស្សនៅខាងក្នុងរថយន្ត បានវាយកញ្ចក់រថយន្តនោះបំបែក រួចលូនចេញមកក្រៅ ហើយក៏គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅទីតាំងកើតហេតុតែម្តង។

ក្រោយពីកើតសមត្ថកិច្ចមូលដ្ឋាន ២ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីខាងម្ចាស់រថយន្ត និងភាគីខាងម្ចាស់ផ្ទះរងគ្រោះធ្វើការចរចារគ្នាជាបឋម ដោយភាគីរថយន្ដបង្ក ព្រមចេញថ្លៃសំណងរាល់ថ្លៃការខូចខាតដល់ម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕