• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យម្នាក់ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7។

សកម្មភាពប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សៅ ប៉ូឡូ អាយុ៣៥ឆ្នាំ ជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ ក្នុងនោះរួមមាន៖*ស្លាកលេខក្លែងក្លាយ*ប័ណ្ណបើកបររថយន្ត *ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)*ប័ណ្ណស្នាក់នៅអន្តោប្រវេសន៍*ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) *អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនគរបាលជាតិ -ល- ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ សមត្ថកិច្ចសូមអំពាវនាវដល់សាធារណជនទាំងអស់សូមមេត្តាឈប់បញ្ជាទិញ និងបំពាក់នូវរាល់ស្លាកលេខយានយន្តក្លែងក្លាយ ព្រមទាំងឈប់ប្រើប្រាស់រាល់ឯកសារយានយន្តក្លែងក្លាយគ្រប់ប្រភេទ ដែលផ្ទុយនឹងច្បាប់។ ជាពិសេសសូមសាធារណជនទាំងអស់ ឈប់ជឿលើការបង្ហោះផ្សព្វផ្សាយអំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទ ជៀសវាងការចាញ់បោកនានា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់ សេវាសាធារណៈទាំងឡាយដែលនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយច្បាប់៕