• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសជនជាតិចិនម្នាក់ចូលទិញទំនិញក្នុងហាងមិនអោយលុយ ថែមទាំងដកអាវុធមុតស្រួចចាក់ទៅលើបុគ្គលិក បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ករណីហឹង្សាបង្កឡើងដោយបុរសចិនម្នាក់ ចូលទិញទំនិញក្នុងហាងមិនអោយលុយ ថែមទាំងដកអាវុធមុតស្រួចចាក់ទៅលើបុគ្គលិក បណ្ដាលអោយរងរបួស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅហាងលក់ទំនិញមួយកន្លែង ក្បែរមន្ទីរពេទ្យព្រះអង្គដួង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនជាតិចិនប្រុសស្រី២នាក់ បានចូលម៉ាតរបស់គាត់ ទិញសម្ភារៈមួយចំនួន ដោយសរុបថវិការចំនួន 10.50$ តែជនបរទេសទាំង២គ្មានលុយអោយ ក៏ក្លាយទៅជាជម្លោះទាស់សម្តីគ្នា ឈានដល់ការតឹងសសៃកដាក់គ្នា ភ្លាមៗនោះភាគីខាងចិន ព្យាយាមរត់គេចពីទីតាំងកើតហេតុដល់មាត់ទន្លេ ចំណែកភាគីរងគ្រោះបានដេញតាមពីក្រោយ ដើម្បីទារលុយដូចគ្នា។

លុះមកដល់មាត់ទន្លេ ជនបង្ក បានប្រកែកជាមួយជនរងគ្រោះរហូត ដកអាវុធមុតស្រួចប្រវែងប្រហែលមួយទឹក ស្រដៀងកូនកាំបិត មានស្រោមពណ៌ស ចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសស្រាល ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ជនជាតិចិននោះ ដើម្បីប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនបង្ក និងជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការដាក់ពាក្យបណ្តឹង និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕