• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្ថាប័នសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ( The Pnhom Penh Post ) ប្រកាសឈប់បោះពុម្ពផ្សាយ ក្រោយជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ

ភ្នំពេញ៖ស្ថាប័នសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ( The Pnhom Penh Post ) ប្រកាសឈប់បោះពុម្ពកាសែតក្រោយជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ខណៈការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ក៏ជាកត្តាគំរាមកំហែងដល់ក្រុមហ៊ុនយ៉ាងខ្លាំង ។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១ ខែមីនា បានឱ្យដឹងថា ចាប់តាំងពីមានបញ្ហារាតត្បាតដោយជំងឺកូវីដ-១៩ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ថមថយចុះយ៉ាងខ្លាំង ហើយបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់ការផ្សាយពាណិជ្ជកម្មដែលជាប្រភពចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បន្តធ្លាក់ចុះដូចគ្នា ហើយការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ក៏ជាកត្តាគំរាមកំហែងដែលធ្វើឱ្យក្រុមហ៊ុនប្រឈមជាមួយបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបន្ថែមមួយកម្រិតទៀត។

សេចក្តីជូនដំណឹងខាងលើបានបន្ថែមថា ទោះបីជាម្ចាស់ភាគហ៊ុននៃស្ថាប័នកាសែតនេះ បានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូលបន្ថែមក៏ដោយ ក៏នៅតែមិនអាចស្តារស្ថានភាពនៃការខាតបង់នោះបានដែរ។ ដោយកត្តានៃការខាតបង់ច្រើនលើសលប់ពេក បានធ្វើឱ្យម្ចាស់ភាគហ៊ុនសម្រេចបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស នៅចុងខែមីនា នាពេលខាងមុខនេះ​ ៕