• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នារីម្នាក់បើករថយន្ត គេចពីកង់បីមួយគ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយក្រឡាប់ជាច្រើនជុំ

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្ត គេចកង់បី១គ្រឿង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ នៅក្នុងកោះនរា បណ្តាលឲ្យក្រឡាប់ជាច្រើនជុំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤  ស្ថិតនៅលើផ្លូវបេតុង កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្ត KIA ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់បី១គ្រឿង នៅលើគន្លងផ្លូវខាងមុខរថយន្ត ទើបរថយន្តបើកគេចកង់បី ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ១កង់បណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្រ។ ចំណែករថយន្តវិញបានហោះរំលងម៉ូតូ២គ្រឿង ទើបធ្លាក់មកវិញក្រឡាប់ជាច្រើជុំ តែមិនបង្ករបួសដល់អ្នកដំណើរតាមដងផ្លូវ និងម្ចាស់រថយន្តនោះទេ ខណៈពេលរថយន្តកំពុងហោះ មានម៉ូតូ២គ្រឿងកំពុងជិះខាងមុខនោះ ដោយខ្លាចរថយន្តធ្លាក់មកត្រូវ ម្ចាស់ម៉ូតូទាំង២បានសម្រេចផ្តួលម៉ូតូចោល រួចរត់ចេញពីហេតុការណ៍នោះតែម្តង។

បន្ទាប់ពីគក្រឡាប់រួច ប្រជាពលរដ្ឋ និងសន្តិសុខកោះនរា បាននាំគ្នារត់ទៅជួយ ស្រាប់តែឃើញម្ចាស់រថយន្តបើកទ្វារចេញមកក្រៅ តែពុំមានរងរបួសធ្ងន់នោះទេ។ ចំណែកម្ចាស់ម៉ូតូ២នាក់ទៀត បាននាំគ្នាលើកម៉ូតូ រួចជិះចេញទៅបាត់ដោយមិនទាមទារអ្វីនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានទុកអោយម្ចាស់រថយន្តធ្វើការចរចារគ្នាជាមួយភាគីខាងតំបន់កោះនរាជាមុន តែដោយសារការដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញ សម្រេចស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ៕