• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គមFacebook ( ឈ្មោះ Heng pichii , Chi Chii ) Instagram (ឈ្មោះ heng pichii7 ) TikTok (ឈ្មោះ HENG pichii ) និង គណនី Telegram មួយចំនួនទៀត ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយមានប្រជាពលរដ្ឋជាច្រើនរងគ្រោះពីអំពើនេះ។

ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ រ.ស.ហ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាជនសកម្មក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះ ជាច្រើននាក់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ទន្ទឹមនិងនេះ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ការវេរថវិកា ទៅគណនីអនាមិក ជៀសវាងការចាញ់បោកជនល្មើស ដែលប្រព្រឹត្តអំពើទុច្ចរិតមកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ ៕