• Cambodia Peace Channel

Liverpool កំពុងបារម្ភខ្លាចបាត់បង់គ្រូបង្វឹក ខណៈជម្រើសជាតិអាល្លឺម៉ង់កំពុងចាប់អារម្មណ៍

អង់គ្លេស៖ក្រោយលោក Jurgen Klopp បានដឹកនាំក្រុមហង្សក្រហម Liverpool យ៉ាងជោគជ័យរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជួយឲ្យក្លិបនេះឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបរដូវកាល ២០១៨-២០១៩ ថ្មីៗនេះ គេហទំព័រ dailymail ចុះផ្សាយដោយដាក់ចំណងជើងធំៗថា“Liverpool កំពុងតែមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗនូវការបាត់បង់គ្រូបង្វឹក Jurgen Klopp ទៅក្រុមជម្រើសជាតិអាល្លឺម៉ង់”។

លោក Klopp បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់ក្លិប ព្រមទាំងអ្នកគាំទ្រហង្សក្រហមផងដែរ ក្រោយលោកបាននាំក្រុមនេះឡើងទៅវគ្គផ្តាច់ព្រ័ត្រពីរឆ្នាំជាប់ៗគ្នានៃពានរង្វាន់ទ្វីបអឺរ៉ុប និងឈ្នះពាននេះជាលើកទី៦ ក្លាយជាម្ចាស់ជើងឯករងនៃ Premier League និងទើបទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមរបស់ FIFA ត្រូវបានគេជឿជាក់ថានឹងមានមហិច្ឆតានៅក្នុងការដឹកនាំក្រុមជម្រើសជាតិ នៅក្នុងថ្ងៃណាមួយ។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក Klopp នៅសល់រយៈពេល ៣ឆ្នាំទៀត លើកិច្ចសន្យានៅទឹកដី Anfield ក្នុងការដឹកនាំក្រុមហង្សក្រហម ខណ:ដែលនឹងត្រូវដំណើរការរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែលោកមិនទាន់ប្តេជ្ញាចិត្តចំពោះការស្នាក់នៅ Anfield នេះបន្តទៀតឬយ៉ាងណានោះទេ ដោយកន្លងមកលោកក៏ធ្លាប់បង្ហាញពីគោលបំណងចង់ទៅដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ៕