• Cambodia Peace Channel

សូហាណា៖ បើចង់ជាប់ជម្រើសជាតិ ត្រូវខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងវិន័យ

ភ្នំពេញ៖ខ្សែបម្រើ សុះ ស៊ូហាណា ជាកីឡាករម្នាក់ដែលតែងតែបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះវិញ មិនសូវជាល្បីខ្លាំងនោះឡើយ ខុសពីកីឡាករផ្សេងៗ ដែលមានការចុះផ្សាយព្រោងព្រាត តាមប្រព័ន្ធផ្សព្វផ្សាយ។ ខ្សែបម្រើរូបនេះ ជាប់ឈ្មោះក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ២១ឆ្នាំ រហូតដល់ ២៣ឆ្នាំ និងបន្តជាប់ឈុតធំគោព្រៃរហូតមកដល់បច្ចុប្បន្ននេះ។

ខ្សែបម្រើខ្មែរ-ឥស្លាម រូបនេះ ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក ២០១៨ FIFA World Cup ដោយពេលនោះ បានស៊ុតបញ្ចូលទីក្រុមជម្រើសជាតិសិង្ហបុរី ១គ្រាប់ និង បនទម្លាយសំណាញ់ទីជម្រើសជាតិមីយ៉ាន់ម៉ា ១គ្រាប់ក្នុងពានរង្វាន់ ២០១៦ AFF Championship។

គេចាំបានថា ខ្សែបម្រើប្រយុទ្ធរបស់ ក្លិបណាហ្គាវើលដ៍រូបនេះ ត្រូវបានលោក Lee Tae Hoon នាំចូលក្រុមជម្រើសជាតិ កាលគាត់នៅដឹកនាំ គោព្រៃកម្ពុជា ដោយលោកពេញចិត្តចំពោះទម្រង់់លេងកីឡាកររូបនេះយ៉ាងខ្លាំង ថែមទាំងសរសើរថា សូហាណា មានការវ៉ៃឈ្លាត និងយល់ពីតាក់ទិករបស់ក្រុម។ ពេលនោះហើយ ដែលខ្សែបម្រើរូបនេះ ព្យាយាមយ៉ាងខ្លាំង ទាំងបច្ចេកទេសបញ្ជូនបាល់ និងសមត្ថភាពលើទីលានមានភាពកើនឡើងយ៉ាងរហ័ស និងមានឈ្មោះនៅក្នុងជម្រើសជាតិរហូតមក។

ទោះបី សុះ សូហាណា មានអ្នកគាំទ្រច្រើន និងប្រកបអាជីពយ៉ាងជោគជ័យនៅក្នុងប្រទេសយ៉ាងនេះក្តី ប៉ុន្តែខ្សែបម្រើរូបនេះ ហាក់មិនទាន់មានក្លិបនៅក្រៅណាចាប់អារម្មណ៍ ក្នុងនាំរូបគេទៅប្រកបអាជីពបាល់ទាត់នៅបរទេសដែរ។ កីឡាករ សុះ សូហាណា បានបង្ហើបឲ្យ CPC NEWS ដឹងថា “កន្លងមកធ្លាប់មានក្លិបនៅបរទេសជាច្រើន ទាក់ទងក្នុងការនាំទៅលេងនៅក្រៅបរទេសដែរ ប៉ុន្តែខ្ញុំ មិនបានទៅដោយសារ នៅជាប់កុងត្រាជាមួយក្លិប”។ យ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះ នៅតែមានបំណងចង់ទៅលេងឲ្យក្លិប នៅក្រៅប្រទេសដើម្បីទទួលបទពិសោធន៍ថ្មីៗ ក៏ដូចជាបច្ចេកទេសផងដែរ។

និយាយដល់ការជាប់ជម្រើសជាតិជាថ្មី នៅឆ្នាំ២០២០ នេះ វិញ សូហាណា មើលឃើញថា បច្ចុប្បន្នមានកីឡាករល្អៗជាច្រើននៅតាមក្លិប ហើយសមត្ថភាពគេក៏ខ្លាំងណាស់ដែរ។ ខ្សែបម្រើរូបនេះ បញ្ជាក់ថា ដើម្បីជាប់ជម្រើសជាតិត្រូវខំហ្វឹកហាត់ទ្វេរដង ថែទាំសុខភាព និងវិន័យ ព្រោះនៅជម្រើសជាតិឥឡូវ យើងធ្លាក់ទម្រង់លេង សមត្ថភាពនៅមានកម្រិត ឬ សមត្ថភាពប្រហាក់ប្រហែលគ្នា គឺពិបាកក្នុងការជាប់ជម្រើសជាតិណាស់។ ដូច្នេះមានតែការពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងឡើងៗ៕