• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តជាតិបានចំនួនប្រមាណ៦៥មុឺនតោន ខណៈរាជរដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់ចំនួន៤

ភ្នំពេញ៖ថ្លែងក្នុងសុន្ទកថា ក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីគោលបំណងក្នុងការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។
ផ្តើមក្នុងសុន្ទកថាបើក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំសនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ នេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទីរួមមាន៖ (១).ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២).ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និង កែច្នៃគ្រាប់ស្វាយចន្ទី ៕