• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ទិវាអន្តរជាតិនារី ត្រូវប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង

ភ្នំពេញ៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» បានថ្លែងថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់សភាពការណ៍ដែលកំពុងវិវត្ត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងទៀតថា ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លំហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ចនិងអយុត្តិធម៌ក្នុងសង្គមជាដើម។
សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាសនិងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា និងដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។

ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី នៅក្នុងក្របខណ្ឌការងារទូទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានរំឭក និងផ្តល់យោបល់បន្ថែម ដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសគណៈកម្មការនារីប្រចាំក្រសួង នូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
* បន្តកំណត់ឱ្យបានច្បាស់ នូវឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និងលើកវិធានការបន្ថែមដើម្បីដោះស្រាយ
* បន្តផ្តល់អាទិភាពជូនស្ត្រី និងលើកទឹកចិត្តស្រី្ត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលសមត្ថភាពនានា ដោយរាប់បញ្ចូលទាំងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលផងដែរ
* បន្តកំណត់លក្ខណសម្បត្តិស្ត្រី និងលើកសំណើតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរ
* ក្នុងករណីមានលក្ខណសម្បត្តិប្រហាក់ប្រហែលគ្នា ត្រូវបន្តផ្តល់អាទិភាពដល់បេក្ខនារី ដែលត្រូវជ្រើសរើសជាមន្ត្រីរាជការក្របខណ្ឌថ្មី និងជាមន្ត្រីជាប់កិច្ចសន្យា
* បន្តយកចិត្តទុកដាក់ចំពោះមន្ត្រីជាស្ត្រីមុនពេលចូលនិវត្តន៍ ដោយត្រូវរៀបចំបែបបទដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ទៅតាមអតីតភាពការងារស្របតាមគោលការណ៍ជាធរមាន។
* គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់១ដង ដើម្បីជាវេទិកាសម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាន។

ជាការពិត ស្របតាមជំហរនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែផ្តល់អាទិភាព និងការគិតគូរខ្ពស់ដល់ស្ត្រី ដែលមកទល់បច្ចុប្បន្ននេះភាគរយនៃចំនួនស្រ្តីក្នុងចំណោម មន្ត្រី បុគ្គលិកសរុបរបស់ក្រសួងបានបន្តកើនឡើង ហើយថ្នាក់ដឹកនាំជាស្ត្រីក៏មានចំនួនកាន់តែច្រើននៅគ្រប់កម្រិតជំនាញ៕