• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ចាប់ហ្វ្រាំងរអិលដួលក្រោមកងរថយន្ត កិនស្លាប់យ៉ាងអណោចអធម៍

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍  យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ចាប់ហ្វ្រាំងរអិលដួលក្រោមកងរថយន្តកិន ស្លាប់យ៉ាងអណោចអធម៍ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៥នាទី ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងទួលពង្រ ក្នុងភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធនីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្ត Toyota Sienna  ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-4491 បើកបរដោយឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅក្នុងភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម៉ូតូម៉ាក HONDA SCOOPY  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JH-1854 បើកបរដោយឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស មានទីលំនៅក្នុងភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ដែលបើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច ពេលមកដល់ចំណុចកន្លែងកើតហេតុម៉ូតូបានឡើងវ៉ារថយន្ត ហើយក៏បានចាប់ហ្វ្រាំងមុខ រអិលបោកដួលមនុស្សចូលក្រោមរថយន្ត ដែលមកស្របពីក្រោយជាប់គ្នា កិនបន្ថែម ពេលនោះក្មេងរងគ្រោះបានស្រវ៉ាងើបឈរទៅហើយ រួចក៏ដួលស្លាប់ទៅវិញតែម្តង  ខណៈឪពុកម្តាយយំបោកខ្លួនស្លុតស្មារតីរហូតដល់សន្លប់ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕