• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ និងអាជីវករលក់ដូរចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិក នាឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

សៀមរាប៖អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដី អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ នាឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

អាជ្ញាធរជាតិអប្សរាបានឪ្យដឹងថា ជាទូទៅជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេតឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។

ជានិច្ចកាល សម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជាថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នេហ៍ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ . ប្លាស្ទិកទាំងនោះ បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អនាម័យ បរិស្ថាន សោភ័ណភាព និងសុខភាពមនុស្ស សត្វ។ មួយវិញទៀត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះការចូលរួមកាត់បន្ថយឬមិនប្រើប្រាស់ប្លាស្ទិក និង ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការគោរពដល់ភាពជាសក្ការៈរបស់អង្គរ ចូលរួមចំណែកថែរក្សា និងលើកតម្លដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕